Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរោងឆ្នេរសមុទ្រកោងកាង នៅខេត្តកែប ជំរុញគោលដៅទេសចរណ៍ធម្មជាតិ សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់

កែប៖ បច្ចុប្បន្នខេត្តកែប បាននិងកំពុងចាប់ផ្តើមបង្ហាញសក្តានុពលលើគំរោងអភិវឌ្ឍន៍មួយចំនួន ដូចជា៖ គំរោងសាងសង់ផ្លូវថ្មីតភ្ជាប់ជាមួយឆ្នេរសមុទ្រថ្មីៗ គំរោងអភិវឌ្ឍន៍កោះទន្សាយ និងថ្មីៗ២នេះ គំរោងឆ្នេរសមុទ្រកោងកាង ដែលវិនិយោគដោយក្រុមហ៊ុន Youngsia Real Estate ក្នុងទុនជាង ១០លាន ដុល្លារអាមេរិក។

គំរោងវិនិយោគឆ្នេរសមុទ្រកោងកាង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីរង្វង់មូលសេះ “ស” ។

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយខេត្តនេះ នឹងមិនមានការសាងសង់ រោងចក្រ សហគ្រាស នានា ដែលធ្វើឲ្យមានផ្សែងបំពុលបរិយាកាសឡើយ។

ម្ចាស់គំរោងឆ្នេរសុទ្រកោងកាង លោក Cooler Tan បានឱ្យដឹងថា គំរោងនេះ បាននិងកំពុងអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់”។ លោកបន្តថា “ឆ្នេរសមុទ្រកោងកាង បាននិងកំពុងពង្រីកសក្តានុពលខេត្តកែប ដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ដែលមានបែងចែកតំបន់ដីលម្ហែ និង អគារអាហារដ្ឋានតូចៗ ពិសេសជម្រុញខេត្តនេះ ឲ្យកាន់តែទាក់ទាញការវិនិយោគ និងអ្នកទេសចរបន្ថែមទៀត”។

ឯកឧត្តម  សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគាំទ្រលើគំរោងឆ្នេរមសុទ្រកោងកាងមួយនេះ ដោយបានចាត់ទុកថា គំរោងនេះ និងរួមចំណែកធ្វើឱ្យខេត្តកែប សម្រេចបាននូវគោលបំណងនៃយុទ្ធសាស្រ្តធំៗ ប្រែក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់។

អភិបាលខេត្តកែប បានលើកទឹកចិត្ត ឱ្យម្ចាស់គំរោងឆ្នេរសុទ្រកោងកាង អភិវឌ្ឍ និងកែច្នៃគំរោងមួយនេះ ធ្វើយ៉ាងណា ទៅជាទេសចរណ៍ធម្មជាតិ ក្នុងន័យអភិវឌ្ឍរក្សាបាននូវការអភិរក្ស ហើយអភិរក្សគាំទ្រដល់ការអភិវឌ្ឍ ដោយកែច្នៃ តំបន់នេះ ទៅជារមណីយដ្ឋានកម្រិតណាមួយតាមលទ្ធភាព ដែលរក្សាបាននូវធនធានព្រៃលិចទឹក ឬហៅថា ព្រៃកោងកាង មានការជិះទូកកាយ៉ាក់ មានអាហារដ្ឋាន លក់ម្ហូបចំណី ដែលមានគុណភាពនិងអនាម័យ តាមស្តង់ដារ។

គួរបញ្ជាក់ថា គំរោងឆ្នេរសមុទ្រកោងកាង មានភាពអំណោយផលពីធម្មជាតិ មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាកទាញ មានដើមកោងកាងខៀវស្រេងាត់ មានទេសភាពស្រែអំបិលដ៏ឆើតឆាយ មានដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលគំរោងនេះ អំណោយផលដល់ការជិះទូកកាយ៉ាក់កំសាន្ត និងអាចស្ទូចត្រីបាន ជាពិសេសមានព្រែកធម្មជាតិ ដែលអាចជិះទូក អូប័រ ទៅលេងសមុទ្របានទៀតផង៕

spot_img
×