Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខារមេគង្គ៖ យុទ្ធនាការកំពតស្អាត លើកទឹកចិត្ត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយសំណល់ផ្លាស្ទិក

spot_img

កំពត៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខារមេគង្គ (JCI Cambodia Mekong) បានរៀបចំបង្កើតយុទ្ធនាការកំពតស្អាត នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ជាយុទ្ធនាការមួយ ដែលមានគោលបំណងលើកទឹកចិត្តដល់មនុស្ស យុគសម័យថ្មីបន្តប្រត្តិបត្តិគោលការណ៍សុវត្ថិភាព និងអនាម័យ ពិសេសការទុកដាក់ គ្រប់គ្រងកាកសំណល់ (សំរាម) ឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយសំណល់ផ្លាស្ទិក។

យុទ្ធនាការ “កំពតស្អាត” ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត” ដោយសារតែវិបត្តិនៃជំងឺកូដវីដ-១៩ បានធ្វើឱ្យយុទ្ធនាការនេះ មិនបានប្ររព្ធធ្វើអស់រយៈពេល ២ឆ្នាំ។ ហើយនេះគឺជាឆ្នាំទី៤ និងជាលើកទី២ នៃយុទ្ធនការនេះបន្ទាប់អាកខាន។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ថា យុទ្ធនាការ “កំពតស្អាត” ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត” ជាប្រធានបទដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អប់រំ ណែនាំ ដល់អាជីវករ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរ ពីការទុកដាក់ គ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្លាស្ទិក ឱ្យបានល្អ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ និងបរិស្ថានក្នុងទីក្រុងកំពត។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ដោយយោងតាមរបាយការណ៍ថា ចាប់ពីការបង្កើតផ្លាស្ទិកដំបូងរហូតដល់ឆ្នាំ២០១៥ សំណល់ផ្លាស្ទិកនៅនៅពិភពលោកមានចំនួនជាជាង ៨.៣ពាន់លានតោន ហើយមកដល់បច្ចុប្បន្ននេះ មានតែផ្លាស្ទិកប្រមាណ ៩ភាគរយ តែប៉ុណ្ណោះនៃសំណល់ផ្លាស្ទិកទាំងអស់ដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ហើយ ៩១ភាគរយទៀត ត្រូវបានគេយលទៅចាក់ចោលនៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេរ បឹងបួរ ស្ទឹង ព្រែក និងអូរ ហើយចុងក្រោយគឺហូរចូលសមុទ្រ។

ក្នុងយុទ្ធនាការ “កំពតស្អាត” នេះ លោក អ៊ឹង ប៉ូឡា ដែលជាប្រធានគម្រោងកំពតស្អាតឆ្នាំ២០២២ បានលើកឡើងថា សំរាម គឺកើតចេញពីយើងទាំងអស់គ្នា ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមគ្រប់គ្រងសំរាម បើយើងគ្រប់គ្រងសំរាមបានល្អនោះទីសាធារណៈនិងស្អាតដូចក្នុងផ្ទះរបស់យើង។ ហើយខេត្តកំពតគឺជាទីក្រុងស្អាត ដែលបុគ្គលម្នាក់ៗត្រូវចូលរួមគិតគូរក្នុងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ហើយកិច្ចការនេះត្រូវការការចូលរួមពីយើងទាំងអស់គ្នា។

លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ បានឱ្យដឹងដែរថា  បរិស្ថានស្អាត គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ ហើយលោកសង្ឃឹមថា យុទ្ធនាការកំពតស្អាតនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសាធារណៈជន ក្នុងការទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អ និងបង្កើតទម្លាប់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន៕

spot_img
×