រាជធានីភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែននិងធ្វើការខុសច្បាប់ ចំនួន២ទីតាំង សរុបចំនួន៩នាក់ (ស្រី៨នាក់) ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វា និងខណ្ឌដូនពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ជាក្រឡាបញ្ជី ។
ទីតាំងទី១៖ ផ្លូវទន្លេសាប ជាប់មាត់ទន្លេសាឡាងបូមខ្សាច់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ជាលទ្ធផលគឺពិនិត្យឃើញ ជនជាតិវៀតណាម សរុបចំនួន១នាក់ប្រុស ប្រើប្រាសឯកសារមិនត្រឹមត្រូវ បានឃាត់និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍នីតិវិធីបន្តនៃច្បាប់។
ទីតាំងទី២៖ ហាងម៉ាស្សា ផ្លូវស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលគឺពិនិត្យឃើញ ជាជនជាតិវៀតណាម សរុបចំនួន៨នាក់(ស្រី) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បានឃាត់និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តននីតិវិធីបន្តនៃច្បាប់៕ ដោយ៖បញ្ញាស័ក្តិ