ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចប្រកាសទទួលស្គាល់ការចុះបញ្ជីជាផ្លូវការនូវគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន៨ ដើម្បីចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលស្គាល់គណបក្សនយោបាយចំនួន៣ទៀតជាផ្លូវការ ខណៈគណបក្សចំនួន១២ផ្សេងទៀត គ.ជ.ប កំពុងពិនិត្យការចុះបញ្ជី។
លោក ឌឹម សុវណ្ណារុំ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ខែឧសភា គ.ជ.ប បានសម្រេចទទួលស្គាល់ គណបក្សនយោបាយ ចំនួន៣នោះបន្ថែមទៀត រួមមាន៖គណបក្សពន្លឺថ្មី ឈរឈ្មោះ១៣មណ្ឌល គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរឈ្មោះ២៥មណ្ឌល និងគណបក្សខ្មែរតែមួយ ឈរឈ្មោះ១៦មណ្ឌល។
កន្លងមក គ.ជ.ប បានទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន៥ ក្នុងនោះគណបក្សយុវជនកម្ពុជា ដែលឈរឈ្មោះ ១៧មណ្ឌល គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល គណបក្សសញ្ជាតិកម្ពុជាឈរឈ្មោះ ២៥មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ២៥មណ្ឌល និងគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ២៥មណ្ឌល៕ ដោយ៖បញ្ញាស័ក្តិ