រដ្ឋធានីគៀវ៖ សង្គ្រាមរបស់រុស្ស៊ី អូសបន្លាយ អស់រយៈពេលជាង៣ខែកន្លងមកនេះ បាន និង កំពុងរារាំងដល់ការនាំចេញគ្រាប់ធញ្ញជាតិ រាប់លានតោន ពីប្រទេសអ៊ុយក្រែន ប៉ុន្ដែបច្ចុប្បន្ន រដ្ឋាភិបាលក្រុងគៀវ កំពុងតែព្យាយាម បង្កើតច្រករបៀង សម្រាប់ការនាំចេញ ដើម្បីបញ្ចៀសនូវវិបត្ដិស្បៀងអាហាររបស់ពិភពលោក។

សារព័ត៌មាន Newsonair បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ថា លោក ឌីមីត្រូ សែនីក (Dmytro Senik) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា ក្រុងគៀវបានបង្កើតផ្លូវចំនួន២ តាមប្រទេសប៉ូឡូញ និង រ៉ូម៉ានី សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ដើម្បីបញ្ចៀសនូវវិបត្ដិស្បៀងអាហាររបស់ពិភពលោក។ បញ្ហាសន្ដិសុខស្បៀងអាហាររបស់ពិភពលោក ស្ថិតក្នុងស្ថានភាពហានិភ័យ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី បានបិទការនាំចេញ តាមច្រកសមុទ្រខ្មៅ ស្ថិតនៅលើទឹកដីអ៊ុយក្រែន ទើបបណ្ដាលឲ្យមានកង្វះខាតស្បៀងអាហារ នៅលើពិភពលោក ហើយជំរុញឲ្យតម្លៃខ្ពស់បំផុត។
លោកអនុរដ្ឋមន្រ្ដីក្រសួងការបរទេសក្រុងគៀវ បានបញ្ជាក់ថា អ៊ុយក្រែន ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតលំដាប់លេខ៤ នៅលើពិភពលោក។ ចំណែកគ្រាប់ធញ្ញជាតិ រាប់លានតោន ត្រូវស្ថិតក្នុងឃ្លាំង ហើយមិនអាចនាំចេញ ពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែន បាន នៅក្នុងអំឡុងពេលមានសង្គ្រាមនេះ។
លោក ឌីមីត្រូវ សែនីក (Dmytro Senik) បានបន្ថែមថា «អ៊ុយក្រែន កំពុងតែចរចាជាមួយនឹងបណ្ដាប្រទេស នៅតាមឆ្នេរសមុទ្របាល់ទិក (Baltic) សម្រាប់បន្ថែមច្រករបៀងទី៣ ដើម្បីនាំចេញស្បៀងអាហារ យកទៅផ្គត់ផ្គង់ដល់មនុស្សរាប់លាននាក់ នៅលើពិភពលោក។ ច្រករបៀងទាំងនោះ មិនល្អឥតខ្ចោះទេ ព្រោះវាបង្កើតនូវការរាំងស្ទះជាក់លាក់ ប៉ុន្តែយើងកំពុងតែប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍផ្លូវទាំងនោះ»។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន បានកើតឡើង ដោយសារអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO បានព្រមានថា វិបត្តិស្បៀងអាហារ បានចាប់ផ្តើម ដោយសារតែសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន អាចអូសបន្លាយ រយៈពេលយូរឆ្នាំបន្ដទៅមុខទៀត។
លោក តារ៉ាស់ វីសូតស្គី (Taras Vysotskyi) អនុរដ្ឋមន្រ្ដីក្រសួងកសិកម្មអ៊ុយក្រែន បានបញ្ជាក់ថា គ្រាប់ធញ្ញជាតិ រហូតដល់ ៣០០ ០០០តោន ដែលបានរក្សាទុកនៅក្នុងឃ្លាំង ត្រូវបានបំផ្លាញ ដោយគ្រាប់កាំភ្លើងផ្លោងរបស់ទាហានរុស្ស៊ី កាលពីចុងសប្តាហ៍មុន។ ដោយឡែក គំនរគ្រាប់ផ្កាឈូករ័ត្ន នៅតែអាចត្រូវបានគេមើលឃើញថា កំពុងឆាបឆេះ នៅក្នុងកំពង់ផែមួយ កាលពីសប្តាហ៍មុន បន្ទាប់ពីមានការបាញ់ផ្លោង ពីកម្លាំងទាហានរុស្ស៊ី ហើយក្រុមរថយន្តពន្លត់អគ្គិភ័យកំពុងតែរង់ចាំ ពន្លត់ភ្លើង នៅក្នុងគំនរបាក់បែកទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








