Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ជំរុញឲ្យបស្ចិមលោកផ្គត់ផ្គង់គ្រឿងសឹកធុនធ្ងន់ ទើបអាចឈ្នះរុស្ស៊ី

រដ្ឋធានីគៀវ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី បំពាក់ដោយគ្រឿងសឹកធុនធ្ងន់ និង ទំនើបៗវាយបង្គ្រប់យ៉ាងខ្លាំង នៅក្នុងតំបន់ដុនបាស (Donbas) ស្ថិតនៅភាគខាងកើតប្រទេសនោះ អ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) បន្ដផ្គត់ផ្គង់អាវុធធុនធ្ងន់ឲ្យបានឆាប់ សម្រាប់យកជ័យជម្នះ លើកម្លាំងទាហានរបស់ក្រុងមូស្គូ។

សារព័ត៌មាន The Irish Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ ថា ក្រុងគៀវ បានអំពាវនាវ ដល់បណ្ដាប្រទេសលោកខាងលិច ស្នើសុំផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែត ចំនួន៣០០គ្រឿង រថក្រោះ ចំនួន៣០០គ្រឿង និង កាំភ្លើងផ្លោងហូវីតហ្ស៊ើរ (Howitzer) ចំនួន ១ ០០០គ្រឿង ដល់ប្រទេសអ៊ុយក្រែន។ ការស្នើសុំរបស់ក្រុងគៀវនេះ បានកើតឡើង នៅមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ណាតូ នាថ្ងៃពុធ ទី១៥ ខែមិថុនា ចំពេលមានការព្រួយបារម្ភ នៅក្នុងរយៈពេល១ត្រីមាសទៀត ដែលអ៊ុយក្រែនកំពុងជំរុញនូវការទាមទាររបស់ខ្លួន សម្រាប់អាវុធស្តង់ដាររបស់ណាតូ ដាក់កំហិត មានទំហំ១៥៥មិល្លីម៉ែត្រ។

សំណើគ្រឿងសព្វាវុធដ៏ច្រើនមហិមានេះ ត្រូវបានធ្វើឡើង ជាសាធារណៈ នៅលើបណ្ដាញសង្គមធ្វីធើរ (Twitter) កាលពីថ្ងៃចន្ទ ដោយលោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រេន។ ទីប្រឹក្សារូបនេះ បានលើកឡើងថា អ៊ុយក្រែន ត្រូវការមាន «ភាពស្មើគ្នាលើគ្រឿងសព្វាវុធធុនធ្ងន់» ដើម្បីបណ្ដេញរុស្ស៊ី ចេញពីទឹកដី និងឈានដល់ការបញ្ចប់សង្រ្គាមឈ្លានពាននេះ។

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន ត្រូវការប្រព័ន្ធបាញ់រ៉ុក្កែតហ្វូង MLRS ចំនួន៣០០គ្រឿង ពោលគឺច្រើនជាង៧ដង ឬច្រើនជាងនេះ ដែលបានប្តេជ្ញាចិត្ត ដោយសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស។ ក្រៅពីនេះ ក៏នៅមានកាំភ្លើងផ្លោងហូវីតហ្ស៊ើរ (Howitzer) តាមស្ដង់ដាររបស់ណាតូ ទំហំ១៥៥មិល្លីម៉ែត្រ។ ចំណែកសហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់កាំភ្លើងផ្លោងដ៏ច្រើនជាងគេ ដល់ប្រទេសអ៊ុយក្រែន ដោយបានផ្ដល់កាំភ្លើងផ្លោង ចំនួន១០៩គ្រឿង កាលពីចុងខែឧសភា។

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់អង្គការណាតូ នៅថ្ងៃពុធ ទី១៥ ខែមិថុនា ដើម្បីពិភាក្សា អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសអ៊ុយក្រែន។ នេះជាកិច្ចប្រជុំលើកទី៣ ចាប់តាំងពីរុស្ស៊ីបានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកលោក បែន វ៉ាល់ឡេស រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏ចូលរួម នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិនេះដែរ។

ក្រៅពីនេះ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន ក៏បានស្នើសុំគ្រឿងសព្វាវុធផ្សេងៗទៀត រួមមាន រថក្រោះ ចំនួន៥០០គ្រឿង រថពាសដែក ចំនួន២០០០គ្រឿង និង ដ្រូន ចំនួន១០០០គ្រឿង។ នេះជាចំនួនគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ សម្រាប់ធ្វើឲ្យមានតុល្យភាពខាងយោធា រវាងកម្លាំងទាហារុស្ស៊ី និង អ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×