រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ថ្វីបើគេដឹងកញ្ឆាបានផ្ដល់នូវគុណសម្បត្ដិ លើផ្នែកវេជ្ជសាស្រ្ដល្អប្រសើរយ៉ាងណាក្ដី ប៉ុន្ដែការប្រើប្រាស់រុក្ខជាតិប្រភេទនេះ សម្រាប់ការសប្បាយ ឬកម្សាន្ដ នឹងផ្ដល់នូវផលអវិជ្ជមានដល់សុខភាព ទើបក្រសួងសុខាភិបាលថៃ កំណត់ថា រុក្ខជាតិកញ្ឆា គួរប្រើប្រាស់ សម្រាប់តែគោលបំណងផ្នែកវេជ្ជសាស្រ្ដតែប៉ុណ្ណោះ ហើយបើអនុញ្ញាតឲ្យកុមារប្រើប្រាស់ វានឹងធ្វើឲ្យខូចដល់ខួរក្បាលរបស់ពួកកេ ហើយវាធ្វើឲ្យប៉ះពាល់សុវត្ថិភាពសុខភាពរបស់មនុស្ស។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ ថា អគ្គនាយក នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដ បានបញ្ជាក់ នៅថ្ងៃចន្ទ ថា ការប្រើប្រាស់កញ្ឆា គួរតែកំណត់ សម្រាប់ការប្រើប្រាស់តែក្នុងគោលបំណងផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ ព្រោះថា ការប្រើប្រាស់រុក្ខជាតិប្រភេទនេះ សម្រាប់ការសប្បាយ ឬកម្សាន្ត និង អនុញ្ញាតឲ្យកុមារប្រើប្រាស់ អាចនឹងបណ្តាលឱ្យខូចខួរក្បាល និង ប៉ះពាល់ដល់សុវត្ថិភាពសុខភាព។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លីប (Somsak Akksilp) អគ្គនាយក នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃ បានបញ្ជាក់ថា នាយកដ្ឋាននេះ តែងតែគាំទ្រដល់ការប្រើប្រាស់កញ្ឆា សម្រាប់តែគោលបំណងវេជ្ជសាស្រ្ដតែប៉ុណ្ណោះ។ ប៉ុន្ដែនាយកដ្ឋាន បានប្រឆាំងដាច់ខាតដល់ការប្រើប្រាស់កញ្ឆា សម្រាប់កុមារ និង សម្រាប់ការសប្បាយ ឬកម្សាន្ដ។
លោកអគ្គនាយក នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កញ្ឆា សម្រាប់កុមារ គួរតែផ្តល់ឱ្យ សម្រាប់តែការព្យាបាលជំងឺឆ្កួតជ្រូក ដែលកុមារមានភាពធន់នឹងឱសថ។ ដោយឡែក សម្រាប់គោលបំណងផ្នែកវេជ្ជសាស្រ្តផ្សេងទៀត កញ្ឆាគួរតែប្រើប្រាស់ សម្រាប់ការព្យាបាលអាការបែបស្លេកស្លាំង និង ព្យាបាល សម្រាប់អ្នកកើតជំងឺមហារីក ដែលទទួលរងនូវការក្អួត ឬចង្អោរ បន្ទាប់ពីការព្យាបាល ដោយការប្រើប្រាស់សារធាតុគីមីហើយ នៅតែមិនឆ្លើយតបនឹងឱសថ។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លី បានព្រមានប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កញ្ឆា សម្រាប់មនុស្ស មានអាយុក្រោម២៥ឆ្នាំ និង ការប្រើប្រាស់កញ្ឆា សម្រាប់ការកម្សាន្ដ ឬការសប្បាយ។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លី បានសង្កត់ធ្ងន់ថា «ការប្រើប្រាស់កញ្ឆា ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាល និង ប្រព័ន្ធប្រសាទ ជាពិសេស សម្រាប់សិស្ស ដែលខួរក្បាល មានសមត្ថភាពសិក្សា នឹងរងនូវផលប៉ះពាល់»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា ឪពុកម្តាយ អាណាព្យាបាល និង អ្នកពាក់ព័ន្ធ នៅក្នុងវិស័យអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ លើកិច្ចការពារដល់យុវជន បញ្ចៀសពីការប្រើប្រាស់កញ្ឆា។ កញ្ឆាប្រើប្រាស់ សម្រាប់តែគោលបំណងផ្នែកវេជ្ជសាស្រ្ដ ហើយស្ថិតក្រោមការត្រួតពិនិត្យ ពីក្រុមវេជ្ជបណ្ឌិតតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លី បានបន្ថែមទៀតថា «យើងដឹងច្បាស់ អំពីគុណសម្បត្តិ នៃកញ្ឆា ប៉ុន្តែគុណវិបត្តិដ៏ធ្ងន់ធ្ងររបស់កញ្ឆា រួមមាន ការញៀន និង បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកបើកបរ ស្ថិតក្រោមឥទ្ធិពលរបស់វា។ រឿងបែបនេះ បានកើតឡើងរួចមកហើយ នៅក្នុងប្រទេសផ្សេងៗទៀត។ ក្រៅពីនេះ ផលប៉ះពាល់ នៃការប្រើប្រាស់កញ្ឆា នឹងធ្វើឲ្យបំពង់កស្ងួត ញ័រទ្រូង គេងមិនលក់ និង ថប់បារម្ភ…ជាដើម»៕ រក្សាសិទ្ធិដោយ ៖ សារាយSN





