ថ្មីៗនេះ វីដេអូមួយនៅលើបណ្តាញសង្គម TikTok និងហ្វេសប៊ុក បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតែម្តង ចំពោះសកម្មភាពប៉ូលិសចរាចរណ៍វ័យចំណាស់ម្នាក់ បានបើកបរម៉ូតូទាំងស្ថានភាពស្រវឹងខ្លាំង រ៉េពេញផ្លូវ ដែលធ្វើឲ្យអ្នកដំណើរដែលបានឃើញហេតុការណ៍ផ្ទាល់ បុកពោះជំនួសជាខ្លាំង។
តែទោះជាយ៉ាងណា ក្រោយវីដេអូដ៏មហាហួសចិត្តនេះ បានផ្ទុះរីករាលដាល ធ្វើឲ្យមហាជននាំគ្នាសម្តែងការហួសចិត្ត និងរិះគន់ជាខ្លាំងរួចមក នៅពេលនេះ ពូប៉ូលីសរូបនោះដែលជាមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងត្រូវបានដឹងថាប្រចាំការចាំផាកម៉ូតូ-ឡាន ជារៀងរាល់ថ្ងៃ នៅលើមហាវិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) ត្រូវបានដកបញ្ឈរជើង ៣ ខែ ហើយ ដើម្បីទុកជាការដាក់ពិន័យ ចំពោះទង្វើដែលបានព្រឹត្តិល្មើសបទបញ្ជាមួយនេះ ដែលធ្វេីប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។
នេះបើតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ។
ជាចុងបញ្ចប់ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហានេះ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







