ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា( GMAC) បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិសោធនកម្មមាត្រា ៨៩ ស្តីពីការទូទាត់ប្រាក់បំណាត់អតីតភាពការងារ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដឹងថា ករណីបិទទ្វាររោងចក្រមួយចំនួននាពេលកន្លងមក បានបណ្តាលឲ្យរាជរដ្ឋាភិបាលផ្តួចផ្តើមគំនិតដាក់ចេញនូវគោលនយោបាយថ្មីមួយ ដើម្បីការពារកម្មករពីការបាត់បង់ប្រាក់ឈ្នួល និងសំណងពាក់ព័ន្ធនានា ដែលពួកគេត្រូវទទួលបានទៅតាមច្បាប់។
សេចក្តីជូនដំណឹងនេះធ្វើឡើងកាលពីថ្ងៃទី១៧ខែឧសភា បន្ទាប់ពីទទួលបានដំណឹងថា រាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មមាត្រា៨៩ នៃច្បាប់ស្តីពីការងារ ដើម្បីតម្រូវឲ្យនិយោជកជម្រះអតីតភាពការងារ របស់កម្មករ និយោជិត និងទូទាត់អតីតភាព នាពេលអនាគតជាទៀងទាត់ ក្នុងរយៈពេល កំណត់មួយ។ ខណៈវាជាការល្អដែលកម្មករត្រូវបានការពារ វាប្រាកដណាស់នឹងជាបន្ទុកហិរញ្ញវត្ថុថ្មីមួយទៀតសម្រាប់ខាងនិយោជក និងអាចធ្វើឲ្យមានបញ្ហាប្រឈមចំពោះការគ្រប់គ្រងធនធានមនុស្សក្នុងរយៈពេលខ្លីដំបូងនៃការអនុវត្តន៍។
សមាគមរោងចក្រ បានសម្តែងនូវក្តីបារម្ភ និងស្នើសុំដល់រាជរដ្ឋាភិបាលពិចារណាដោយយកចិត្តទុកដាក់និងល្អិតល្អន់លើបញ្ហានេះ។
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា ការជម្រះអតីតភាពាការងារនឹងធ្វើឲ្យនិយោជកចំណេញប្រាក់មួយចំនួនធំបន្ថែមទៀត និងជាបញ្ហាលំហូរសាច់ប្រាក់ដ៏ធ្ងន់ធ្ងរប្រសិនបើចំនួនសំណងពេញ ដែលអាចមានទំហំទឹកប្រាក់អតិបរិមាស្មើដល់ទៅ៦ខែ ត្រូវបានតម្រូវឲ្យបង់ផ្តាច់នៅក្នុងពេលតែមួយតែម្តងជាជាងការទូទាត់ជាដំណាក់កាល។ សមាគម សូមស្នើសុំឲ្យមានការបង់ជាដំណាក់កាលៗ។ ជាការគួរប្រុងប្រយ័ត្នផងដែរ វិសោធនកម្មមាត្រា៨៩នេះ អាចបង្កផលប៉ះពាល់លើសពីផលប៉ះពាល់ជាបន្ទុកហិរញ្ញវត្ថុទៅទៀត។ ការតម្រូវឲ្យទូទាត់អតីតភាពនេះ អាចជំរុញឲ្យមានការលាឈប់ពីការងារក្នុងចំនួនច្រើន ដើម្បីប្រមូលសំណងដុល ក្នុងពេលតែមួយភ្លាមៗ បើសិនជាមិនមានខចែងច្បាស់លាស់ដែលមិនលើកទឹកចិត្តឲ្យកម្មករ និយោជិតលាឈប់ពីការងារ។ មាត្រា១១៦ ដែលចែងថា “ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗត្រូវតែទូរទាត់ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការបញ្ចប់កិច្ចសន្យាការងារ” អាចនឹងត្រូវប្រើដើម្បីប្រមូលចំនួនសំណងទាំងដុល៕ ដោយ ៖ បញ្ញាស័ក្តិ