Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ ខ្នាត 4F ដែលអាចចុះចតយន្តហោះខ្នាតធំបាន។

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ នៅតែបន្តការសាងសង់ ដើម្បីក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៣០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ ដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤ ហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តម សង្ឃឹមថា នៅពេលដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះ នឹងមានក្រុមហ៊ុនហោះហើរផ្លូវឆ្ងាយជាច្រើន ចាប់អារម្មណ៍ធ្វើការហោះហើរមកកាន់កម្ពុជា ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា នៅឆ្នាំ២០២៥ខាងមុខ ការធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើងខ្ពស់ ហើយអាកាសយានដ្ឋានថ្មីនេះ នឹងទទួលបានភ្ញៀវធ្វើដំណើរ កើនឡើងលើសអ្វីដែលជាការគ្រោងទុក។

គម្រោងនេះ បានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ហើយត្រូវបានចែកចេញជា ៣ដំណាក់កាល ក្នុងនោះ ទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់ នៅចុងឆ្នាំ២០២៤ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរ បានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ។ ដោយឡែក គម្រោងទាំងមូល នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើរ រហូតដល់ ៥០លាននាក់ ក្នុងមួយឆ្នាំ ដោយត្រូវចំណាយទឹកប្រាក់សរុប ១.៥០០លានដុល្លារ មិនបូកបញ្ចូលតម្លៃដី ដែលវិនិយោគរួច ដោយក្រុមហ៊ុន CAIC នោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC កាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់៕

spot_img
×