Cyprus ជាប្រទេសកោះមួយ មានទីតាំងនៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ វាក៏ជាប្រទេសកោះធំជាងគេទីបី នៅសមុទ្រមេឌីទែរ៉ាណេ ដែលមានផ្ទៃដី ៩,២៥១ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១.២ លាននាក់។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថាប្រទេស Cyprus ត្រូវបានគេស្គាល់ថា ជាឋានសួគ៌រ ជាជម្រករបស់សត្វឆ្មាជាង ១,៥ លានក្បាល ឯណោះ ដែលចំនួននេះ គឺលើសចំនួនប្រជាជនក្នុងប្រទេសទៅទៀត។
សត្វឆ្មាមានវត្តមាននៅគ្រប់ទីកន្លែងនៅលើកោះ។ អ្នកទេសចរងាយឃើញសត្វឆ្មាពពាក់ពពួនក្បែរអាងទឹក ក្នុងបារ នៅតាមដងផ្លូវ រង់ចាំអ្នកដំណើរឆ្លងកាត់មកផ្តល់ចំណី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានីយ៍ចិញ្ចឹមឆ្មាជាច្រើនបានផុសឡើងនៅលើកោះនេះ ដែលជាកន្លែងសត្វឆ្មាព្រៃតែងតែប្រមូលផ្តុំគ្នា។ ឆ្មានៅប្រទេសCyprus មានទំនោរទៅជាសកម្មខ្លាំងក្លា និងមានសុខភាពល្អ។ ពួកវាមានរោមក្រាស់ៗ និងខ្លី ប្រឡែងលេងច្រើន រួសរាយរាក់ទាក់ និងចូលចិត្តនៅក្បែរមនុស្ស។
សត្វឆ្មានៅប្រទេស Cyprus ជាធម្មតាមានពណ៌ស លាយឡំជាមួយពណ៌ខុសៗគ្នាជាច្រើន ឬពណ៌លឿងស្លេក ត្នោត ខ្មៅ។ ពូជឆ្មាទាំងនោះ គឺមានប្រជាប្រិយភាពនៅក្នុងប្រទេសកំណើតរបស់វា Cyprus ប៉ុន្តែកម្រមាននៅប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។
ឆ្មាត្រូវបានគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស តាំងពីអេហ្ស៊ីបបុរាណ ទាំងជាដៃគូ និងជាសត្វជាទីគោរព មានន័យថា ពួកវានាំមកនូវសំណាងល្អ និងគ្រប់គ្រងជំងឺ។
មានទ្រឹស្ដីជាច្រើនអំពីមូលហេតុដែល Cyprus មានឆ្មាច្រើនយ៉ាងនេះ។ តែទោះជាយ៉ាងណាក៏ដោយ មានការពន្យល់ពីរដែលទទួលយកយ៉ាងទូលំទូលាយបំផុត។
Saint Hele ភរិយារបស់អធិរាជ Constantius ដែលត្រូវបានគេស្គាល់ថា Helena នៃរដ្ឋធានី Constantinople របស់ចក្រភពរ៉ូម បានបញ្ជាឱ្យដឹកជញ្ជូនសត្វឆ្មារាប់រយក្បាលពីប្រទេសអេហ្ស៊ីប ទៅកាន់ប្រទេស Cyprus ក្នុងឆ្នាំ ៣២៨ ដើម្បីទប់ស្កាត់សត្វពស់។ បន្ទាប់ពីភាពអស្ចារ្យនោះ សត្វឆ្មាក៏ត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត មិនសម្លាប់ ហើយចំនួនឆ្មាក៏កើនឡើងផងដែរ។
ទន្ទឹមនឹងនេះ ទ្រឹស្ដីមួយទៀតគឺថា មេដឹកនាំអេហ្ស៊ីបបុរាណ Cleopatra បាននាំសត្វឆ្មាមកបំផ្លាញពស់។
ភ័ស្តុតាងបុរាណវិទ្យាដំបូងបំផុតដែលថាឆ្មាក្លាយជាសត្វក្នុងស្រុកគឺនៅក្នុងតំបន់មេឌីទែរ៉ាណេប្រហែល ៧,៥០០ មុនគ.ស ដែលឆ្ងាយពីសម័យអេហ្ស៊ីបបុរាណ។
អ្នកបុរាណវិទូ ក៏បានរកឃើញដានឆ្មាមួយក្បាល ដែលកប់ជាមួយមនុស្ស រួមជាមួយនឹងសំបក ថ្មកិន និងគ្រឿងតុបតែងផ្សេងៗទៀត នៅក្នុងផ្នូរដែលមានអាយុ ៩,៥០០ ឆ្នាំ នៅក្នុងភូមិ Shillourokambos ប្រទេស Cyprus៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


