Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា បាន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​កម្មសិទ្ធិ​បញ្ញា​យ៉ាងសកម្ម ដើម្បី​ការពារ​សិទិ្ធ​ស្របច្បាប់​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ក​ម្ម​សិទិ្ធ​បញ្ញា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​កម្មសិទ្ធិបញ្ញា ឆ្នាំ​២០១៧ លើ​អង្គភាព​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា បាន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​កម្មសិទ្ធិ​បញ្ញា​យ៉ាងសកម្ម ដើម្បី​ការពារ​សិទិ្ធ​ស្របច្បាប់ និង​សុខភាព​សាធារណៈ​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ក​ម្ម​សិទិ្ធ​បញ្ញា លើក​ទី​៨ ស្តីពី​លទ្ធផល​ការងារ​កម្មសិទ្ធិបញ្ញា និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ក​ម្ម​សិទិ្ធ​បញ្ញា ។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ លទ្ធផល​សំខាន់ៗ​មួយចំនួន​គួរ​ជាទី​មោទនៈ ដូចជា ការចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែ​វ ស្តីពី​កិច្ចព្រមព្រៀង​លី​ស្បោន អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ការកសាង​ច្បាប់ ការពង្រីក​កិច្ចការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ការ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គម្រោង​កម្មសិទ្ធិបញ្ញា ការលើកកម្ពស់​ការយល់ដឹង​ផ្នែក​កម្មសិទ្ធិបញ្ញា ការកសាង​សមត្ថភាព​របស់​មន្ត្រី​ជំនាញ និង​ម​ន្រី្ត​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ការបង្ក្រាប​បទល្មើស​កម្មសិទ្ធិបញ្ញា ក៏ដូចជា​ការផ្តល់​សេវា​សាធារណៈ​ផ្នែក​កម្មសិទ្ធិបញ្ញា​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍​បន្ថែម​ថា អង្គភាព​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា បាន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​កម្មសិទ្ធិ​បញ្ញា​យ៉ាងសកម្ម ដើម្បី​ការពារ​សិទិ្ធ​ស្របច្បាប់ និង​សុខភាព​សាធារណៈ​។ ម្យ៉ាងវិញទៀត ដើម្បីឲ្យ​កិច្ចការ​កម្មសិទ្ធិបញ្ញា និង​ការអនុវត្ត​ច្បាប់​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ច្រើន ក៏​ត្រូវបាន​អនុម័ត​ផងដែរ​។ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និង​បទ​ប្បញ្ញត្តិ​កម្មសិទ្ធិបញ្ញា​ជាច្រើន​ទៀត បាន​និង​កំពុង​បន្ត​រៀបចំ​ពិនិត្យ និង​ពិភាក្សា​ផងដែរ​។​

​ទន្ទឹមនឹងនេះ​លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ជូន​គណៈកម្មាធិការ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ទាំងអស់ សូមមេត្តា​បន្ត​កិច្ចខិតខំ​បំពេញការងារ​តាម​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកសាង​ប្រព័ន្ធ​ក​ម្ម​សិទិ្ធ​បញ្ញា​ឲ្យ​បាន​រឹងមាំ ការគ្រប់គ្រង ការបង្កើន​ការយល់ដឹង ការកសាង​ម៉ាក​យីហោ ការបង្កើត​ថ្មី ការធ្វើ​អាជីវកម្ម ការអនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ដែល​ជា​ឧបករណ៍​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជំរុញឲ្យ​សេដ្ឋកិច្ច​ជាតិ​យើង​មាន​ភាព​រីកចំរើន​ជឿនលឿន​ទៅ​មុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

×