Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ បច្ចេកវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ

ភ្នំពេញ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា បច្ចុប្បន្ន វិស័យបច្ចេកវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវ បញ្ហាប្រឈមមួយចំនួន ដូចជា៖ កង្វះខាតនូវក្របខណ្ឌបទប្បញ្ញត្តិ ក្នុងការគ្រប់គ្រងលើអាជីវកម្ម ធានារ៉ាប់រងបែបឌីជីថល កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលរួម​មានបរិសា្ថនសាកល្បង (regulatory sandbox) និងបណ្តាញអ៊ីនធឺណិតនៅតំបន់ជនបទ កង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា អក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជន នៅមានកម្រិតទាប។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ទោះបីជាវិស័យធានារ៉ាប់រង បាននិងកំពុងរីកចម្រើន និងមានសក្កានុពលយ៉ាងណាក្តី ប៉ុន្តែវិស័យនេះនៅក្មេងខ្ចីនៅឡើយ ដែលទាមទា​ឱ្យមានការចូលរួមបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងពង្រឹងវិស័យនេះឱ្យប្រសើរឡើងនៅកម្ពុជា។

ថ្មីៗនេះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានស្វែងរកកិច្ចសហការប្រមូលធាតុចូលស្តីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថល កម្ពុជា» ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទង នឹងឌីជីថលូបនីយកម្ម ក្នុងវិស័យធានារ៉ាប់រង និងដើម្បីប្រមូលធាតុចូល សម្រាប់សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ន(ឆ្នាំ២០២២) នៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ភ្នាក់ងារធានារ៉ាប់រងចំនួន ២៩ ក្រុមហ៊ុនជើងសារធានារ៉ាប់រង ១៧ និងក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន៣៕

spot_img
×