ក្រុមហ៊ុនរថភ្លើងមួយរបស់ជប៉ុន បានចេញមុខសុំទោស បន្ទាប់ពីរថភ្លើងមួយគ្រឿងរបស់ខ្លួនបានចេញដំណើរមុនពេលកំណត់ចំនួន ២៥វិនាទី ដែលនេះគឺជាការធ្វើដំណើរចេញមុខម៉ោងកំណត់លើកទី ២ហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសុក្រនេះ។
អ្នកបើករថភ្លើងបានថ្លែងដូច្នេះថា “បញ្ហាដែលពួកយើងធ្វើឲ្យកើតមានលើអតិថិជនរបស់ពួកយើងគឺជារឿងដែលមិនគួរឲ្យលើកលែងទោស”។
កាលពីខែវិច្ឆការ ឆ្នាំមុន ក៏មានរថភ្លើងមួយគ្រឿងបានចេញដំណើរមុនម៉ោងកំណត់ចំនួន ២០វិនាទីផងដែរ ចំនែកពេលនេះ វាបានចេញដំណើរមុនពេល ២៥វិនាទី។
បើតាមការចេញផ្សាយរបស់កាសែត Japan Today បានឲ្យដឹងថា អ្នកពិនិត្យសំបុត្របានគិតថា ខ្សែរថភ្លើងរបស់គាត់នឹងចេញពីស្ថានីយ៍ Notogawa នៅម៉ោង ៧ និង ១១នាទី មិនមែនម៉ោង ៧ និង ១២នាទីទេ។
ក្រោយពេលបិទទ្វាររថភ្លើងចំនួន ១នាទីមុនម៉ោង គាត់ទើបដឹងថា គាត់បានប្រព្រឹត្តកំហុស ហើយដោយសារតែគាត់មើលមិនឃើញអ្នកដំណើររងចាំនៅស្ថានីយ៍ គាត់ក៏បានចេញដំណើរមុនម៉ោងតែម្តងទៅ។
សូមបញ្ជាក់ថា រថភ្លើងទាំងអស់នៅក្នុងប្រទេសជប៉ុន ត្រូវបានគេទទួលស្គាល់ថាមានការគោរពវេលាខ្លាំងបំផុត៕ សុភ័ក្ត្រ