ភ្នំពេញ ៖ នារីមុខស្រស់ម្នាក់ត្រូវបានអ្នកលក់ទូរស័ព្ទ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីបានធ្វើសកម្មភាព លួចយកទូរស័ព្ទដៃចំនួន៨គ្រឿង ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែង នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីសង្ស័យខាងលើមានឈ្មោះ ប៊ុត ចាន់រី អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ម្តុំទីតាំងកើតហេតុខាងលើ។

យោងតាមសម្តីស្ត្រីអ្នកលក់ទូរស័ព្ទខាងលើ បានឲ្យដឹងថា មុនពេកើតហេតុ រូបគាត់បានអង្គុយលក់ទូស័ព្ទដៃនៅមុខផ្ទះរបស់គាត់ បន្ទាប់រូបគាត់បានដើរចូលទៅធ្វើម្ហូប ស្រាប់តែឃើញនារីសង្ស័យខាងលើ បានដើរមកមុខហាងលក់ទូរស័ព្ទរបស់គាត់ ដោយកាន់ថង់ខ្មៅដាក់ខោអាវដើរទៅមកៗមុខហាងរបស់គាត់ ដោយមានការសង្ស័យរូបគាត់ក៏បានឃ្លាំមើលមួយសន្ទុះក្រោយមក ស្រាប់តែឃើញនារីសង្ស័យខាងលើ លួចប្រមូលយកទូរស័ព្ទរបស់គាត់ចំនួន៨ គ្រឿង ញាត់ចូលថង់ខ្មៅដាក់ខោអាវបម្រុងនិងរត់គេចខ្លួន ពេលនោះរូបគាត់ស្រែកផ្អើលឆោរឡោ ដល់អ្នកជិតខាងជួយចាប់ឃាត់ខ្លួនបានភ្លាមៗ រួមនិងវត្ថុតាងទូរស័ព្ទដៃចំនួន៨គ្រឿង ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ដឹកយកទៅធ្វើការសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទទាំង៨គ្រឿង ពិតប្រាកដមែន។
បច្ចុប្បន្ននារីសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងតែចាត់ការនិងបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម





