ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារនេះ បន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។
នៅព្រឹកថ្ងៃសុក្រទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅទីនេះមិនគ្រាន់តែជាគោលដៅសម្រាប់អភិរក្សប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសម្រាប់ធ្វើសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សម្រាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាលបានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើឲ្យកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំអោយពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញអោយគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចឲ្យពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រងព្រៃឈើឲ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវ អោយក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រានព្រៃឈើខុសច្បាប់ណាមួយឡើយ៕ ដោយ៖បញ្ញាស័ក្តិ