ភ្នំពេញ៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៥,៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ។ នេះបើតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។
ជាមួយគ្នានេះ អនុវិស័យ ដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន៖ អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។
ចំណែកឯ វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្ដងើបឡើងវិញសន្សឹមៗ។ ហើយអនុវិស័យចិញ្ចឹមសត្វរំពឹងថា មានកំណើនរង្វង់១,០%, អនុវិស័យដំណាំ រំពឹងថា មានកំណើន១,៦% និងអនុវិស័យនេសាទរំពឹងថា មានកំណើនក្នុងអត្រា០,៦%។
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣ ដែលកំពុង វិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវ ការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន ៨,១%, អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ ១៣,៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧,២%។
វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រា៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារងើបឡើងវិញ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការបន្ដនិន្នាការកើនឡើង នៃអនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន៖ អនុវិស័យលកដុំ-លក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។
រាជរដ្ឋាភិបាលរំពឹងសេដ្ឋកិច្ចកម្ពុជាកើន ៥,៤% នៅឆ្នាំនេះ និងឆ្នាំ២០២៣ នឹងកើន ៦,៦% ខណៈធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤,៥% នៅឆ្នាំ២០២២នេះ និងកើន ៥,៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕