រដូវធ្លាក់ភ្លៀងដំបូង ត្រូវបានគេរៀបចូលលំដាប់អាកាសធាតុគ្រោះថ្នាក់ ដោយហេតុវាតែងភ្ជាប់ជាមួយនូវរន្ទះបាញ់បង្កឲ្យមានការស្លាប់ ។ ហេតុនេះអ្នកទាំងឡាយគប្បីចាប់អារម្មណ៍ នឹងករណីចំនួន ៥ ដែលងាយរងរន្ទះបំផុត ។
១.ការរត់លេងនៅកន្លែង រាបស្មើ ទូលាយ
ពេលភ្លៀងរៀបបង្អុរចុះ ដូចជានៅវាលស្រែ តារាងកូនហ្គោល ឬទីលានចតរថយន្ត សុទ្ធសឹងជាគោលដៅនៃការរងរន្ទះ ហើយពេលនោះ ដោយអចេតនា អ្នកបានក្លាយជា “វត្ថុចម្លង” ខ្ពស់បំផុតនៅតំបន់នោះ នៅពេលដែលផ្ទៃដីទទួលបានប្រតិកម្មបង្កើតជាចរន្តអគ្គិសនីពីផ្ទាំងពពក នោះវត្ថុដែលខ្ពស់ជាងគេនឹងប្រមូលផ្តុំបន្ទុកអគ្គិសនីច្រើនជាងគេដែរ ពោលគឺវាមានសមត្ថភាពស្រូបទាញរលកអគ្គិសនីខ្លាំងបំផុត ហើយដោយហេតុនេះឯង វាងាយទាញយកចរន្តអគ្គិសនីដោយងាយស្រួល ។
ទន្ទឹមនោះ ទើបពេលមេឃភ្លៀងទើបការជ្រកនៅក្រោមដើមឈើធំ ក៏ពុំមែនជាជម្រើសល្អមួយឡើយ ដោយហេតុថា តាមគោលការណ៍ខាងលើដើមឈើ ដែលខ្ពស់វាងាយស្រូបទាញយកចរន្តអគ្គិសនី វាងាយបង្កគ្រោះថ្នាក់ដល់អ្នក ។
២.ការកាត់ឆ័ត្រ ឬឈរក្បែរវត្ថុធាតុលោហៈ
រន្ទះគឺជាចរន្តអគ្គិសនីមួយដ៏ខ្លាំង ហើយលោហៈគឺជាវត្ថុធាតុចម្លងចរន្តល្អបំផុត ។ ចរន្តអគ្គិសនីរបស់រន្ទះ មានអាំងតង់ស៊ីតេ រាប់ម៉ឺន រហូតដល់ជាង ១០០លានវ៉ុល ។ នៅពេលដែល វាបាញ់ចរន្តភ្លើងអគ្គិសនី នោះកម្តៅរបស់រន្ទះ អាចឡើងដល់រាប់ពាន់ដឺក្រេសេ ឯណោះ ។ ហេតុនេះ ល្អបំផុតអ្នកគប្បីចៀសពីវត្ថុទាំងឡាយជាអាទិ៍ ៖ កង់ គ្រឿងយន្ត របងដែក ចប កណ្តៀវ ។ល។ ព្រោះវាទាំងនេះចម្លងចរន្តអគ្គិសនីល្អណាស់ ។ ក្រៅពីនោះការកាន់ឆ័ត្រ នៅពេលភ្លៀងពុំខុសអ្វី ក្លាយជាបង្គោល “ស្រូបរន្ទះ” ព្រោះវាផ្ទុកលោហៈ ដូច្នេះពេលមេឃភ្លៀងផ្គរមិនគប្បីបាំងឆ័ត្រ ដើរនៅតាមផ្លូវល្ហរល្ហេវឡើយ។
៣.ហែលទឹកទន្លេ ជ្រោះ ឬអាងហែលទឹកពេលមេឃកំពុងភ្លៀង
មិនខុសពីលោហៈទេ ទឹកក៏ជាសារធាតុចម្លងអគ្គិសនីដ៏សែនល្អ ។ ប្រសិនបើមិនចង់ក្លាយជាធ្យូងនោះទេ អ្នកពុំគប្បីទៅហែលទឹកខណៈពេលកំពុងភ្លៀងរន្ទះ ។
៤.កុំឈរជិតមាត់បង្អួច ទ្វារចេញចូល ឬដេកលើផ្ទៃដី
មនុស្សភាគច្រើនគិតថា ខ្លួននឹងមានសុវត្ថិភាពទាំងស្រុងពេលនៅក្នុងផ្ទះ ហេតុនេះ ក៏ឈរនៅមាត់ឈរគយគន់ទេសភាពនៅពេលភ្លៀង ប៉ុន្តែការពិតគឺទង្វើឈរនៅមាត់បង្អួច ឬទ្វារចេញចូលវាមិនសុវត្ថិភាពណាស់ណាទេ ។ ពិសេសកុំដេកត្រង់ខ្លួនលើផ្ទៃដីឲ្យសោះ ។ អ្នកគប្បីកាត់បន្ថយជាអតិប្បរមា អ្នកគប្បីប្រាស្រ័យប្រាណផ្ទាល់នឹងផ្ទៃដី ដើម្បីកាត់បន្ថយ បន្ទុកអគ្គិសនី បញ្ជូនចុះផ្ទៃដីតាមរយៈរាងកាយរបស់ខ្លួន ។
៥.ចូលងូតទឹក មើលទូរទស្សន៍ ប្រើប្រាស់ទូរស័ព្ទ
ពេលមេឃភ្លៀងផ្គររន្ទះ ការប្រើប្រាស់ទូរស័ព្ទលើតុមានខ្សែ គឺគ្រោះថ្នាក់ណាស់ព្រោះចរន្តអគ្គិសនីរបស់រន្ទះវាអាចឆ្លងចូលតាមខ្សែភ្លើង ខ្សែកាបល្លិ៍ទូរស័ព្ទ ហើយបញ្ជូនចរន្តនេះមួយឆ្ងាយ ។ ល្អបំផុតនោះគប្បីកាត់ផ្តាច់ប្រភពចម្លងចរន្តអគ្គិសនី ដកខ្សែទូរស័ព្ទ ខ្សែសាកបរិក្ខារអគ្គិសនី ដើម្បីបញ្ចៀសពីការរងរន្ទះ “ចូល” មកតាមផ្លូវនេះ ។
បច្ចុប្បន្នបំពង់ទឹកស្អាតតែងត្រូវបានធ្វើអំពីជ័រ ប៉ុន្តែនៅមានកន្លែងខ្លះ នៅបន្តមានបំពង់ដែកស្ពាន់នៅឡើយ ហេតុនេះ គប្បីរង់ចាំពេលមេឃស្ងប់ស្ងាត់ទើបងូតទឹកវាជាការល្អបំផុត ៕ សូយន