Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាសហគ្រិនស្ត្រី៖ លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍអាជីវកម្មរបស់ស្រ្តី

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  សមាគម​សហគ្រិនស្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា  កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារ​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម​របស់​ស្រ្តី» ដែលជាវេទិកាមួយប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីចែករំលែកការអនុវត្ត និងការរៀនសូត្រជុំវិញ​ប្រធាន​បទ​លទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន លទ្ធភាពទទួលបានចំណែកទីផ្សារ  លទ្ធភាព​ទទួល​បាន​ព័ត៌មាន​​ផ្លូវច្បាប់​សម្រាប់អាជីវកម្ម និងលទ្ធភាពទទួលបានចំណេះដឹងឌីជីថល។

ដោយសារបញ្ហា​ជុំវិញ​លទ្ធភាពទទួល​បានសេវាហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានចំណែកទីផ្សារ  នៅតែ​ជា​បញ្ហា​ប្រឈម និងស្មុគស្មាញសម្រាប់សហគ្រិនស្ត្រី កម្មវិធី​នេះ ដើរតួជាវេទិកា​ពិភាក្សា​អំពីលទ្ធភាពនៃ​ការផ្សារភ្ជាប់​សហគ្រិន​ស្ត្រីទៅកាន់ធនធានហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងទីផ្សារដែល​មាន​ស្រាប់។​

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធាន​គ្រប់គ្រងគម្រោង​សហគ្រិននារីសកម្ម លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) បានសង្កត់ធ្ងន់ថា សហគ្រិនស្ត្រី ត្រូវ​ការការគាំទ្​រជាបន្តបន្ទាប់ចាប់ពីការទទួលបានព័ត៌មានរហូតដល់ទីផ្សារ ដើម្បីពួកគាត់អនុវត្តចំណេះដឹងអាជីវកម្មរបស់ពួកគាត់់ និងចូលរួមក្នុងទីផ្សារដែលរីកចម្រើន និងប្រកួតប្រជែងយ៉ាងឆាប់រហ័ស។ ការទទួល​បានផលិត​ផល​ហិរញ្ញ​ប្បទាន​ប្រកបដោយសុវត្ថិភាព ចំណេះដឹងឌីជីថល ទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផល និងសេវាកម្ម​របស់ពួកគេ បង្កើតផ្លូវអាជីវកម្មសម្រាប់ពួកគេដើម្បីធ្វើអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ខណៈ​ពេល​ដែលសហគ្រិនស្ត្រីវ័យក្មេងត្រូវបានផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច ពួកគេនឹងមានឥទ្ធិពល​លើ​សហគមន៍​របស់​ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថា «សហគ្រិនត្រូវការលទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ និងពង្រីក​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកហិរញ្ញប្បទាន ដើម្បីប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូម​លើក​ទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ឱ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់លើលទ្ធភាពសងត្រលប់​ជាជាងទ្រព្យធានា ដោយប្រើព័ត៌មានពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។»

នៅក្នុងសុន្ទរកថាបើករបស់ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការពង្រឹងសមត្ថភាព ជាពិសេសទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការកម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងការចុះបញ្ជីអាជីវកម្ម។» លោកជំទាវ​បានបន្តទៀតថា «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសមាគម អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសហគ្រិនស្ត្រីផ្ទាល់ គឺជាភារកិច្ចចាំបាច់ចម្បង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ»។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ២00 នាក់ រួមមានតំណាងពីរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិននារីវ័យក្មេងនៅក្នុងសហគ្រាសធុនតូច និងមធ្យម។ វេទិកានេះ ផ្តល់ឱកាសសម្រាប់ស្ត្រីម្ចាស់អាជីវកម្មក្នុងការទទួលបានព័ត៌មាន និងដំណោះស្រាយបញ្ហាអាជីវកម្ម លើការផលិតផល និងសេវាកម្ម ខណៈពេលដែលជំរុញឱកាសអាជីវកម្មសម្រាប់ការបង្កើតបណ្តាញអាជីវកម្ម។ បន្ថែមពីលើនេះ វេទិកានេះ បំផុសការពិភាក្សាជុំវិញអក្ខរកម្មឌីជីថល និងការចុះបញ្ហាអាជីវកម្ម សម្រាប់​ការការពារ​អាជីវកម្មស្របច្បាប់ផងដែរ៕

spot_img
×