អ្នកស្រុកនៅជាយក្រុង Tecuala ប្រទេសម៉ិកស៊ិកូ មានការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង នៅពេលពួកគេប្រទះឃើញសត្វខ្លា Bengal ដើរលេងតាមដងផ្លូវ។
វីដេអូតរីករាលដាល បានបង្ហាញពីខ្លា Bengal ពេញវ័យ១ក្បាល បានកំពុងដើរតាមដងផ្លូវមួយកន្លែង នៅក្នុងទីក្រុង Tecuala ប្រទេសម៉ិកស៊ិក។ Tecuala មានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគនិរតីនៃ Sinaloa ដែលមានប្រជាជនជាង ៤០,០០០ នាក់។
តាមរយៈវីដេអូបានបង្ហាញ សត្វខ្លានោះ បានដើរលើចិញ្ចើមផ្លូវរហូតដល់ចុងផ្លូវកែងរបងផ្ទះមួយ វាក៏ឈប់ដេកនៅខាងមុខរថយន្តដឹកទំនិញ១គ្រឿងដែលចតនៅក្បែរនោះ។ តែទោះយ៉ាងណា បន្ទាប់មក គេក៏បានឃើញបុរសម្នាក់ បានមកចាប់ខ្លានេះ ដោយខ្សែចងករបស់វា។
ខ្លា Bengal ទម្ងន់ជិត ២០០ គីឡូក្រាមនេះ គឺជាសត្វចិញ្ចឹមរបស់គ្រួសារមួយនៅក្នុងទីក្រុង។ ដោយសារផ្ទះភ្លេចបិទទ្វារ ខ្លាក៏ចេញពីផ្ទះដើរលេងបែបនេះតែម្តងទៅ។ អ្នកស្រុកនៃសង្កាត់ជាយក្រុងមិនអាចធ្វើអ្វីបាន ក្រៅពីស្រឡាំងកាំងនឹងវត្តមានរបស់វានោះទេ។
ទោះជាយ៉ាងណាក៏ដោយ មួយថ្ងៃក្រោយកើតហេតុ សត្វខ្លា Bengal ត្រូវបានរឹបអូស ដោយសារតែម្ចាស់មិនអាចបញ្ជាក់កម្មសិទ្ធិស្របច្បាប់បាន។ ខ្លាបានបាត់បង់ក្រញ៉ាំរបស់វា ប៉ុន្តែចង្កូមរបស់វា គឺនៅតែមានដដែល។
គេបានដឹងថា ការចិញ្ចឹមសត្វព្រៃនៅក្នុងប្រទេសម៉ិកស៊ិក គឺស្របច្បាប់ ប៉ុន្តែតម្រូវឱ្យមានឯកសារស្របច្បាប់។ តម្លៃលក់តាមអនឡាញ គឺត្រឹមតែ ២៥ ដុល្លារ ប៉ុណ្ណោះ សម្រាប់កូនតូច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




