Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណុលសាធារណៈរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យទាប

ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យកម្រិតទាបដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាពីកត្តាខាងក្រៅ ដែលកំពុងកើតមានក៏ដោយ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ បំណុលបរទេសរបស់កម្ពុជា មានប្រមាណ ៩.៨១ប៊ីលានដុល្លារ ក្នុងនោះបំណុលទ្វេភាគី មានប្រមាណ ៦៨% និងបំណុលពហុភាគីមាន ៣២% ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមបំណុលជាង៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែលមានចំនួន ៣ ៩៩៣.៨៦លានដុល្លារ, បារាំង ចំនួន៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុនចំនួន ១០២០.៧៣លានដុល្លារ ដែលស្មើនឹង១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា «លទ្ធផលបឋមនៃការវិភាគចីរភាពបំណុល រហូតដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងកត្តាពីខាងក្រៅក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះទាំងអស់សុទ្ធ តែស្ថិតក្រោមអនុបាតគោល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត២៤.៩% ធៀបនឹងអនុបាទគោល៤០%»។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានដូច ជាក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ ព្រមទាំងប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម៕

spot_img
×