ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសគុយបាឲ្យដឹងថា មានតែមនុស្ស ៣នាក់ ប៉ុណ្ណោះនៅមានជីវិតក្នុងករណីធ្លាក់យន្តហោះភ្លាមៗក្នុងពេលចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Jose Marti នាវេលាម៉ោង ១២និង៣០នាទី (ម៉ោងនៅតំបន់) ល្ងាចថ្ងៃទី ១៨ ខែឧសភា ។ អ្នកទាំង៣រូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ។
កងកម្លាំងសង្គ្រោះកំពុងជញ្ជូនជនរងគ្រោះនៅមានជីវិត ទៅកាន់មន្ទីរពេទ្យ ។
ករណីគួរឲ្យសោកស្តាយនេះបានកើតឡើងគ្រាដែលយន្តហោះ Boeing 737 មានជើងហោះហើរលេខ CU972 ដែលក្រុមហ៊ុន Cubana de Aviacion បានជួលពីក្រុមហ៊ុនអាកាសចរណ៍ Damojh របស់មិចស៊ីកូ ហើយវាកំពុងហោះហើរចេញពីព្រលានយន្តហោះ Jose Marti ក្នុងរដ្ឋធានី La Habana ទៅកាន់ទីក្រុង Holguin ភាគខាងកើតប្រទេសគុយបា ។ នៅខណៈពេលគ្រោះថ្នាក់កើតឡើងនៅលើយន្តហោះមានអ្នកដំណើរ ១០៤នាក់ និងក្រុមហោះហើរ ៩នាក់ ។
ប្រធានក្រុមប្រឹក្សារដ្ឋគុយបា Miguel Diaz-Canel Bermudez មានវត្តមានភ្លាមនៅកន្លែងកើតហេតុដើម្បីបញ្ជាប្រតិបត្តិការសង្គ្រោះ ។ បច្ចុប្បន្នមូលហេតុនៃការនាំឲ្យកើតមានគ្រោះថ្នាក់នេះនៅពុំទាន់ដឹងច្បាស់នៅឡើយ ៕ សូយន