Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ត្រូវបែងចែកជា៧កញ្ចប់សាងសង់ ដែលនៅក្នុងនោះ ៣កញ្ចប់សម្រេចបាន ១៥%ហើយ

spot_img

ព្រះសីហនុ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់ផ្លូវនេះអនុលោមតាម បទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងគុណភាពនៃការស្ថាបនាពង្រីកកំណត់ផ្លូវជាតិលេខ៤នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញជំនឿថា៖ ការស្ថាបនាពង្រីកផ្លូវនេះ នឹងមានគុណភាព ល្អប្រសើរអាចទទួលយកបាន ដោយហេតុថាស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយយើងគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ(AC)បន្ថែមតែប៉ុណ្ណោះ និងបានឱ្យ ដឹងផងដែរថា៖ ក្រសួងបានធ្វើតេស្តគុណភាពជាច្រើនកន្លែង មានមួយកន្លែងសាងសង់មិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិនិត្យកែតម្រូវឡើងវិញ រកនីតិវិធីសាងសង់ឱ្យបាន ត្រឹមត្រូវដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។ ទន្ទឹងជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីលក្ខណៈបច្ចេកទេសស្ថាបនាផ្លូវខុសគ្នាពីផ្លូវ មួយទៅផ្លូវមួយ អាស្រ័យលើស្ថានភាពភូមិសាស្ត្រ កម្រិតថវិកាដែលមាន និងចំនួនរថយន្តធ្វើដំណើរឆ្លងកាត់ ជាឧទាហរណ៍ផ្លូវជាតិលេខ៤៨ យើងចាក់បេតុងកៅស៊ូត្រឹមតែ៧សង់ទីម៉ែត្រប៉ុណ្ណោះ ដោយសារចំនួនរថយន្តបើកលើផ្លូវជាតិលេខ៤៨មានចំនួនតិចជាងរថយន្តដែលបើកលើផ្លូវជាតិលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់របស់ជាតិយើង ជាផ្នែកមួយរបស់ផ្លូវអាស៊ានហាយវេលេខមួយ តភ្ជាប់ប្រទេសថៃ មកកម្ពុជា ទៅវៀតណាម តាមផ្លូវជាតិលេខមួយ ដូច្នេះផ្លូវនេះត្រូវលើកកម្រិតគុណភាពតាមចំនួនរថយន្តដឹកទំនិញធុនធ្ងន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្នុងថវិកាចំនួន១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់ ឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែង។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។

ប្រភេទកាងារមានដូចតទៅ៖ ១) ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ ម៉ែត្រ និងកន្លែងខ្លះ១១ម៉ែត្រ ២) ការងារពង្រីកស្ពានបេតុង និងលូចំនួន៤៦ទីតាំង និង៣) ការងារស្ថាបនាស្ពានថ្មីចំនួន០៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍នៅគ្រប់រដូវកាល ដែលឆ្នាំខ្លះកន្លងមកត្រូវទឹក ជំនន់ជន់លិច កំណាត់ផ្លូវជាតិលេខ៤ បង្កការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×