Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្របពេលដែលអតិផរណារួម​បានកើនឡើង ក្រសួងពាណិជ្ជកម្ម បាន និងកំពុងតាមដានលើតម្លៃទំនិញម្ហូបអាហារសំខាន់ៗ ជាង ៥០មុខនៅលើទីផ្សារ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុជាតិ បានឱ្យដឹងថា ក្រសួង បាន និងកំពុងតាម​ដាន​លើតារាងតម្លៃទំនិញជាង ៥០មុខនៅលើទីផ្សារ ពាក់ព័ន្ធទៅលើម្ហូបអាហារសំខាន់ៗប្រចាំថ្ងៃដូចជា សាច់ជ្រូក ត្រី សាច់មាន់ ពងមាន់ ពងទា បន្លែ និងស្រូវ-អង្ករ ជាដើម ដើម្បីធានាថាតម្លៃទំនិញទាំងនោះ នឹងមិនហក់ឡើងខ្ពស់ពេកបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ែន សុជាតិ បានបញ្ជាក់ថា ប្រសិនបើតម្លៃម្ហូបអាហារនៅលើផ្សារ ពិសេសតម្លៃអង្ករ មានការហក់ឡើងថ្លៃខ្លាំងខ្ពស់ពេក ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន Green Trade  នឹងធ្វើអន្តរាគមន៍បញ្ចេញអង្ករពីក្នុងស្តុករបស់ខ្លួនភ្លាមៗ ដើម្បីរក្សាស្ថិរភាពថ្លៃមិនឲ្យហក់ឡើងខ្ពស់នាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះទេ។​

អ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា កម្រិតអតិផរណាសម្រាប់តម្លៃទំនិញម្ហូបអាហារសំខាន់ៗប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានកំណើនពី ៣ទៅ ៤% ដែលកំណើននេះក្រោម ១០ភាគរយ ដែលជាកម្រិតហានិភ័យ។ ដូច្នេះមានន័យថា កំណើនអតិផរណានេះ គឺមិនបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះឡើយ។

អ្នកនាំពាក្យ ក៏បានបញ្ជាក់ដែរថា ក្រៅពីម្ហូបអាហារបន្លែ ត្រីសាច់ និងអង្ករ សម្រាប់តម្លៃមីកញ្ចប់ និងប្រេងឆា ដែលជាគ្រឿងឧបភោគបរិភោគរបស់ប្រជាពលរដ្ឋដែរនោះ ក៏មិនឡើងថ្លៃខ្ពស់ដែរ ដោយសារមុខទំនិញទាំងនេះ មានរោងចក្រផលិតនៅក្នុងស្រុក។ ប៉ុន្តែចំពោះតម្លៃមុខទំនិញនាំចូលពីក្រៅប្រទេស រួមបញ្ចូលទាំងប្រេងឥន្ធនៈ ក្រសួងមិនអាចគ្រប់គ្រងបាននោះទេ ពោលគឺតម្លៃរបស់វាឡើងចុះទៅតាមទីផ្សារអន្តរជាតិ។

បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមនឹងការហក់ឡើងនៃកម្រិតអតិផរណាខ្ពស់ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពលឡើងថ្លៃខ្ពស់។

គួរបញ្ជាក់ថា បើយោងតាមធនាគារជាតិនៃកម្ពុជា អតិផរណារួមនៅប្រទេសកម្ពុជា បានកើនឡើងក្នុងកម្រិត ៧,២ភាគរយ នៅខែមេសា និងជាង ៦%នៅខែឧសភា នៅឆ្នាំ ២០២២នេះ (ឆ្នាំលើឆ្នាំ)។ កំណើននេះត្រូវបានរុញច្រានដោយការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ៕

spot_img
×