អភិបាលរដ្ឋតិចសាសរបស់អាមេរិក Greg Abbott នៅថ្ងៃទី ១៨ ខែឧសភា បានបញ្ជាក់ថា ករណីបាញ់រះនៅសាលាមធ្យមសិក្សា Santa Fe បានធ្វើឲ្យមនុស្ស ១០នាក់ ស្លាប់ និង ១០ នាក់ ទៀតរងរបួស ។ ហើយលោកបានហៅថានេះគឺជា “ករណីវាយប្រហារព្រៃផ្សៃបំផុត ក្នុងប្រវត្តិសាស្ត្រនាសាលារៀនក្នុងរដ្ឋតិចសាស” ។
សមត្ថកិច្ចនិងភ្នាក់ងារសុខាភិបាលអាមេរិក កំពុងធ្វើសហប្រតិបត្តិការនៅកន្លែងកើតហេតុគឺសាលា Santa Fe ។
ប៉ូលិសបានចាប់ខ្លួនជនល្មើសដែលជាសិស្សម្នាក់នៅក្នុងសាលា ហើយបានរកឃើញបរិក្ខារបន្ទុះជាច្រើន ។ ព័ត៌មានបឋមបង្ហាញថា ជនដៃដល់ធ្វើការបាញ់រះគឺជាសិស្សមានអាយុ ១៧ឆ្នាំ ឈ្មោះ Dimitrios Pagourtzis ។ សិស្សរូបនេះ បានប្រើប្រាស់កាំភ្លើងខ្លី និងកាំភ្លើងបាញ់សត្វធ្វើការបាញ់ប្រហារទៅលើមិត្តភក្តិជិតស្និទ្ធ ។ អាវុធទាំងនេះគឺជាកម្មសិទ្ធិស្របច្បាប់របស់ឪពុកបង្កើតរបស់ជនល្មើស ។ ក្រៅពីនោះជនល្មើសនៅបានគប់គ្រាប់បែកច្នៃចូលទៅក្នុងថ្នាក់រៀនទៀតផង ។
អភិបាលរដ្ឋតិចសាសឲ្យដឹងបន្ថែមទៀតថា ប៉ូលិសបានដំណើរការរុករកនៅកន្លែងពីរ ហើយបានប្រទះឃើញបរិក្ខារបន្ទុះជាច្រើន ក្នុងនោះមាន “បរិក្ខារ CO2” និងគ្រាប់បែកសាំង ។
ប៉ូលិសក៏បានសួរចម្លើយមនុស្ស ២នាក់ ដែលពាក់ព័ន្ធ ក្នុងនោះមានមនុស្សម្នាក់ ដែលគេចាត់ទុកថា បានផ្តល់ព័ត៌មាន “ពិតប្រាកដ” រីឯម្នាក់ទៀតមានចំណងទាក់ទង “គួរឲ្យសង្ស័យ”។
អភិបាលរដ្ឋតិចសាស្ត្រដដែល ឲ្យដឹងបន្ថែមថា ពុំមាន “សញ្ញាព្រមាន” ណាមួយ មុនករណីវាយប្រហារនេះទេ ព្រោះ Pagourtzis ពុំធ្លាប់មានអតីតទោសអ្វីឡើយ ក្រៅពីរូបភាពមួយសន្លឹក ត្រូវបាន Pagoutzis បង្ហោះលើ facebook ថា Born to Kill (កើតមកដើម្បីសម្លាប់) ដែលសរសេរលើអាវរងា ៕ សូយន