Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍

spot_img

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រសួងបានបន្ត សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទ មកជួបប្រជុំដោះស្រាយ ជាលើកទី១៤ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី វី សុវណ្ណឌីលោកស្រី សុន ស្រីពេជ្រ និងលោកស្រ ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកសី រស់ ប៊ុនឡេង ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ដូចខាងក្រោម៖

មតិរបស់តំណាងភាគីកម្មករនិយោជិត៖ ឈរលើឆន្ទៈរបស់កូដករដែលរក្សាជំហរដដែល ភាគីតំណាងកម្មករនិយោជិតនៅតសំណូមពរដូច ខាងក្រោម៖

១. ស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងារឱ្យចូលធ្វើការងារវិញ ដោយធ្វើការ ដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ និង ធ្វើការខែទី១ ចំនួន៥០%, ខែទី២ ចំនួន៧០% រហូតដល់មានវេនធ្វើការពេញវិញ។

២. ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់លិខិតរបស់អធិការការងារស្ដីពីការឯកភាពលើ ការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ ៣២៩នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីព នាពេលកន្លងមក។

៣. ស្នើសុំបើកការិយាល័យសហជីពដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះនៅតែបន្តទាមទារប្រាក់ជួលផ្ទះ ដែលមានម៉ូតូ និងសម្ភារផ្សេងៗនៅក្នុងនោះ។

៤. ស្នើសុំទម្លាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។

៥. ស្នើក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្ម តាមរយៈការផ្អាកបង់ភាគទាន ប.ស.ស. និងមិន ផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាព បើផ្អែកតាមគោលការណ៍មនុស្សធម៌ កូដករដែលអត់ ចំណូលរាប់ខែហើយមិនទទួលបានថវិកាពេលសម្រាលកូន និងមិនអាចប្រើសេវា ប.ស.ស. បានពេលមានជំងឺ ជារឿងមិនគួរកើតមានទេ។ នេះមិនមែនជាការអវត្តមានគ្មានច្បាប់ពីការងារទេ ប៉ុន្តែជាការអនុវត្តសិទ្ធិដែលមាន ចែងក្នុងច្បាប់ ហើយក៏មិនមានច្បាប់ស្ដីពី ប.ស.ស. ដែលចែងថានិយោជកអាចផ្អាកបង់ភាគទាន ប.ស.ស. នៅពេលដែលកម្មករនិយោជិតធ្វើកូដកម្មដូចគ្នា។

មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖

១. ចំនួនបុគ្គលិកដែលបានបញ្ឈប់ពីការងាររួមដែលនៅសេសសល់ត្រឹមតែ ១៧២នាក់ និងសូមអំពាវនាវឱ្យកម្មករដែលនៅសេសសល់ទាំងនេះ គួរតែទទួលយកការសម្របសម្រួលពីក្រសួងការងារ ឬជំនួយក្នុង ការបកស្រាយបន្ថែមអំពីកញ្ចប់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង។

២. ដល់ពេលនេះចំនួនបុគ្គលិកអវត្តមានដោយគ្មានច្បាប់ មានចំនួន ៣៥៥នាក់ ប៉ុណ្ណោះ និងសូមអំពាវនាវឱ្យបងប្អូន មិនគួរបន្តអវត្តមានដោយគ្មានច្បាប់ទៀតទេ និងត្រឡប់មកធ្វើការវិញ ទាន់ពេលក្រុមហ៊ុន បន្តអនុញ្ញាតឱ្យចូលធ្វើការវិញ ដោយមិនប្រកាន់ទោសពៃរ៍នោះទេ។

៣. ជាធម្មតា ការបង់ភាគទានជូន ប.ស.ស. ត្រូវផ្អែកលើចំណូលជាក់ស្ដែងរបស់បុគ្គលិកម្នាក់ៗ បើ បុគ្គលិកមិនបានធ្វើការ ហើយគ្មានចំណូល ក្រុមហ៊ុនមិនអាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិកនោះទេ។ ដូច្នេះមិនមានការរើសអើងចំពោះអ្នកធ្វើកូដកម្ម ដូចការលើកឡើងនោះទេ។

បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារន មាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖

១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។

២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជួនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី

spot_img
×