ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុម រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចូលរួមធ្វើជាសហ ប្រធានកិច្ចប្រជុំលើកទី១៦ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសវៀតណាម ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កម្ពុជានិងវៀតណាម បានចេញសេចក្តីជូនព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៦ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នៅថ្ងៃទី១៦ ទី១៧ ខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានចំនួន៤ទំព័រ។
លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាម ដែលបានឈានដល់កម្រិតខ្ពស់នាពេលកន្លងមកនេះ។ លោកបានបន្តថា កិច្ចប្រជុំ បានឯកភាពថា សកម្មភាពទាំងនោះមានសារសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវការយល់ដឹងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អំពីមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក រវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំបានសម្តែងការពេញចិត្តជាមួយនឹងលទ្ធផលវិជ្ជមានលើវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការ ដូចជា ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បរិស្ថាន ធនធានទឹកនិងវារីឧតុនិមយវិទ្យា រ៉ែនិងថាមពល សេដ្ឋកិច្ច ផែនការ ពាណិជ្ជកម្ម និងការវិនិយោគ ការដឹកជញ្ជូន វប្បធម៌ កីឡានិងទេសចរណ៍ សុខាភិបាល បញ្ហាព្រំដែន និងសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកិច្ច។ល។៕ ដោយ៖បញ្ញាស័ក្តិ