ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងបន្តប្រឹងប្រែងចរចាបើកច្រកទីផ្សារ ក្នុងបំណងរកទីផ្សារ អង្ករជូនកសិករកម្ពុជា ដើម្បីនាំចេញទៅកាន់ផ្សារនៃប្រទេសប៉ាប៉ាញូវគីណេ ហើយបើតាមលោកអគ្គនាយកបញ្ជាក់ថា ជាលទ្ធផលអង្គប្រជុំរវាងកម្ពុជានិងប៉ាប៉ាញូវគីណេ បានសម្រេចឯកភាពថា ភាគីកម្ពុជាធានាផ្គត់ផ្គង់អង្ករប្រកបដោយគុណភាព និងសុវត្ថិភាព ចំណែកឯ Papau New Gujnea ឯកភាពទទួលយកអង្ករកម្ពុជា ។
ការស្វែងរកទីផ្សារអង្ករថ្មីនេះ ត្រូវបានបង្ហាញឡើង ក្នុងជំនួបរវាងលោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រតិភូក្រុមហ៊ុន Amru Rice និង ក្រុមហ៊ុន Sun Rice រួមជាមួយថ្នាក់ដឹកនាំថ្នាក់នាំ NAQIA (National Agricultural Quarantine and Inspection Agency) នៃប្រទេស Papau New Gujnea នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សាសម្របសម្រួលការនាំចេញអង្ករកម្ពុជាទៅប្រទេស Papua New Guinea។ នេះបើតាមការផ្សាយលើផេកហ្វេសប៊ុកផ្លូវការ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន។
លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា កិច្ចពិភាក្សាផ្ដោតលើ គុណភាពអង្ករកម្ពុជា បរិមាណស្រូវនិងស្ថានភាពនាំចេញអង្ករកម្ពុជា លក្ខខណ្ឌតម្រូវនៃការងារអនាម័យ និងភូតគាមអនាម័យលើការងារនាំចេញនាំចូលផលិតផលកសិកម្ម ដែលជាលទ្ធផល នៃការវាយតំលៃហានិភ័យនៃការចម្លងសមាសភាពចង្រៃ និងស្ថានភាពស្ដីពីសមាសភាពចង្រៃនិងការគ្រប់គ្រងលើដំណាំស្រូវនិងឃ្លាំងស្តុក។
លោកបានបន្តថា ជាលទ្ធផលអង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍ពីរចំណុច រួមមាន ភាគីកម្ពុជាធានាផ្គត់ផ្គង់អង្ករ ប្រកបដោយគុណភាពនិងសុវត្ថិភាព និង Papau New Gujnea ឯកភាពទទួលយកអង្ករកម្ពុជា បន្ទាប់ពីបញ្ចប់ការវាយតម្លៃហានិភ័យដោយ NAQIA និង បានផ្លាស់ប្ដូរព័ត៌មាន ទាក់ទងនីតិវិធីនាំចេញ នាំចូលស្របទៅតាមលក្ខខណ្ឌតម្រូវប្រទេសទាំងពីរ៕ ដោយ៖បញ្ញាស័ក្តិ