Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ីប្ដេជ្ញាកៀងគរវិនិយោគិនរបស់ខ្លួន មកបង្កើនការរកស៊ីលើវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត

spot_img

ភ្នំពេញ ៖ ក្រុមមន្ត្រីកម្ពុជា និងក្រុមមន្ត្រីប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នាជំរុញកិច្ចប្រតិបត្តិការលើទេសចរណ៍រវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ និងបានបញ្ចប់តម្រូវការ លក្ខខណ្ឌ ចូលប្រទេសកម្ពុជា ព្រមទាំងផ្តល់ទិដ្ឋាការពេលមកដល់ទៀតផង។

កិច្ចពិភាក្សាគ្នាស្ដីពីការជំរុញវិស័យទេសចរណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ហ៊យ ភីរក្ស អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយមន្ត្រីតំណាងក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, លោក Afifi Lubis តំណាងរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនៃខេត្តស៊ូម៉ាត្រា ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។

លោក ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ជំនួបពិភាក្សាគ្នាលើវិស័យទេសចរណ៍នេះ គឺជាការ ជំរុញ និងពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា (MOU) រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាពេលកន្លងមកនៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF) នៅខេត្តព្រះសីហនុ និងបានជំរុញការតភ្ជាប់ឡើងវិញ ពិសេស លើជើងហោះហើរត្រង់ យ៉ាកាតា-ភ្នំពេញ ដោយ Garuda Airlines/Citylink Airways។

ពេលនេះទៀតសោត លោកបានជំរុញលើការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា សម្រាប់ភ្ញៀវទេសចរមូស្លីម ជាមួយនឹងគំនិតផ្តួចផ្តើមនៃការចងសម្ព័ន្ធមេត្រីភាព (Sister Provinces) រវាងខេត្ត ស៊ូម៉ាត្រាខាងជេីង និង ខេត្តព្រះសីហនុ។

លទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងខេត្តសូម៉ាត្រាភាគខាងជើង និងទេសចរណ៍កម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឆ្លៀតពេលនេះដែរ លោក ណោសស្រ៊ី ក៏បានអញ្ជើញមន្ត្រីរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង មកចូលរួមពិធីបុណ្យសមុទ្រនៅ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ (Fam Trip) ផងដែរ ដើម្បីស្វែងរកការទាក់ទាញទេសចរ និងវិនិយោគគិនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×