Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីស្រីលង្កា ប្រកាសពីសេដ្ឋកិច្ចជាតិ ដួលរលំទាំងស្រុង

spot_img

រដ្ឋធានីកូឡុំបូ (Colombo)៖ ក្រោយការប្រឈមមុខនឹងវិបត្ដិដ៏អាក្រក់បំផុត នៅក្នុងប្រវត្ដិសាស្រ្ដ អស់រយៈពេល៧០ឆ្នាំកន្លងមកនេះ នៅទីបំផុត នាយករដ្ឋមន្រ្ដីស្រីលង្កាបានសម្រេចប្រកាស អំពីការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងស្រុង ហើយប្រជាពលរដ្ឋជាង២២លាននាក់ ក៏កំពុងតែខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ និង អគ្គិសនីប្រើប្រាស់។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Guardian បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ថា លោក រ៉ានីល វិកក្រេមេស៊ីនហ្គេ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា កាលពីថ្ងៃពុធ បានបញ្ជាក់ថា សេដ្ឋកិច្ចស្រីលង្កា បាន«ដួលរលំទាំងស្រុង» ។ បញ្ហានេះក៏ដោយសារតែប្រទេសជាតិ រងនូវវិបត្ដិយ៉ាងធ្ងន់ធ្ងរបំផុត ប្រឈមមុខឹងស្ថានភាពដ៏អាក្រក់កាន់តែកើនឡើងជាលំដាប់ ដោយបណ្ដាលឲ្យមនុស្សរាប់លាននាក់ កំពុងតែតស៊ូនឹងកង្វះខាតប្រេងឥន្ធនៈ អគ្គិសនីប្រើប្រាស់ និង ស្បៀងអាហារ។

លោកនាយករដ្ឋមន្រ្ដីស្រីលង្កា បានប្រាប់ដល់សភាជាតិរបស់ខ្លួន ថា «សេដ្ឋកិច្ចប្រទេសរបស់យើង បានដួលរលំទាំងស្រុងហើយ»។ រីឯរដ្ឋាភិបាលកូឡុំបូ កំពុងតែស្វះស្វែង រកជំនួយ ពីដៃគូរបស់ខ្លួន នៅលើពិភពលោក និង មូលនិធិរូបិយប័ណ្ណអន្ដរជាតិ ហៅកាត់ IMF ដើម្បីធ្វើឲ្យសេដ្ឋកិច្ច មានស្ថិរភាពឡើងវិញ។

លោក រ៉ានីល វិកក្រេមេស៊ីនហ្គេ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា បានព្រមានថា ប្រជាជាតិ ប្រហែល២២លាន រស់នៅលើប្រទេស នៃដែនកោះមួយនេះ កំពុងតែប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់បំផុត នៅក្នុងរយៈពេលយូរបន្ដទៀត នៅពីក្រោយវិបត្ដិនេះ។

ប្រទេសស្រីលង្កា កំពុងតែស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន នៅក្នុងរយៈពេល៧ទសវត្សរ៍មកនេះ បន្ទាប់ពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយប្រាក់ដុល្លារ នឹងអស់ សម្រាប់ការចំណាយលើការនាំចូលគ្រឿងផ្គត់ផ្គង់សំខាន់ៗប្រចាំថ្ងៃ រួមមាន ស្បៀងអាហារ ថ្នាំពេទ្យ និង ប្រេងឥន្ធនៈ។

បើតាមប៉ូលិសស្រីលង្កា បានឲ្យដឹងថា ត្រឹមតែរយៈពេល១សប្ដាហ៍នេះ មានពលរដ្ឋ ចំនួន១១នាក់ បានបាត់បង់ជីវិត ដោយសារការឈរតម្រង់ជួរ រង់ចាំទិញសាំង។ ដោយឡែក អ្នកបើកបរ ឈរសម្លឹងមើលកង់បីរបស់គាត់ ដើម្បីរង់ចាំទិញប្រេងឥន្ធនៈ នៅក្នុងទីក្រុងកូឡុំបូ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា មក។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងខ្លាំង ដើម្បីទប់ទល់នឹងវិបត្តិ រួមទាំង ការអនុវត្តការងារប្រចាំសប្តាហ៍ ត្រឹមតែ៤ថ្ងៃ សម្រាប់បុគ្គលិកសាធារណៈ ដើម្បីទុកពេលវេលាឱ្យពួកគេ ងារទៅរកការដាំដំណាំបន្លែបង្ការផ្ទាល់ខ្លួន។ បើទោះជាយ៉ាងនេះក្តី វិធានការនេះ ធ្វើឡើងបានតិចតួច សម្រាប់ការបន្ធូរបន្ថយនូវការតស៊ូ ដែលប្រឈមមុខ ដោយមនុស្សរាប់លាននាក់ នៅក្នុងប្រទេសនៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ។

នៅតាមបណ្ដាទីក្រុងធំៗ នៃប្រទេសស្រីលង្កា រួមមាន រដ្ឋធានីពាណិជ្ជកម្ម កូឡុំបូ មានមនុស្សរាប់រយនាក់ បន្ដឈរជាជួរ អស់រាប់ម៉ោង ដើម្បីរង់ចាំទិញប្រេង ។ ជួនកាល មានករណីខ្លះ ថែមទាំងមានការប៉ះទង្គិចគ្នាជាមួយនឹងកម្លាំងប្រដាប់អាវុធ រួមមាន ទាហាន និង ប៉ូលិស ខណៈកំពុងតែឈររង់ចាំថែមទៀតផង។

ដោយឡែក រថភ្លើងបានកាត់បន្ថយនូវភាពមមាញឹក ដោយបង្ខំឲ្យអ្នកធ្វើដំណើរ ត្រូវប្រច្រៀតគ្នា អង្គុយ ខណៈពួកគេធ្វើដំណើរទៅធ្វើការ។ រីឯអ្នកជំងឺមិនអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបាន ដោយសារកង្វះខាតប្រេងឥន្ធនៈ។ ចំណែកតម្លៃម្ហូបអាហារ ក៏បានឡើងថ្លៃ ហើយអង្ករ ជាអាហារដ៏សំខាន់ នៅក្នុងប្រទេសលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានបាត់ខ្លួន ពីធ្នើរ នៅក្នុងហាង និងផ្សារទំនើបជាច្រើន។

ការតវ៉ាបានផ្ទុះឡើង នៅជិតលំនៅឋានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickreme ដែលទើបនឹងបានចូលកាន់តំណែង កាលពីប៉ុន្មានថ្ងៃ ក្រោយការផ្ទុះការតវ៉ា ដោយហិង្សា ដែលបានបង្ខំឱ្យលោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) លាលែងពីតំណែងនាយករដ្ឋមន្រ្ដី។

ស្រីលង្កា បានពឹងផ្អែកជាចម្បង លើឥណ្ឌា ដែលជាប្រទេសជិតខាង ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ដោយបានទទួលប្រាក់កម្ចីឥណទាន ទំហំទឹកប្រាក់ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែលោក Wickremesinghe បានបញ្ជាក់ថា ចំនួននេះ ប្រហែលជាមិនគ្រប់គ្រាន់នោះឡើយ។

នាយករដ្ឋមន្រ្ដីស្រីលង្កា បានបញ្ជាក់ទៀតថា «យើងបានស្នើសុំជំនួយកម្ចីបន្ថែម ពីសមភាគីឥណ្ឌារបស់យើង។ ប៉ុន្តែសូម្បីតែឥណ្ឌាក៏នឹងមិនអាចបន្តគាំទ្រយើង នៅក្នុងលក្ខណៈបែបនេះបានដែរ។ នេះជាជម្រើសតែមួយគត់របស់យើង។ យើងត្រូវតែដើរតាមផ្លូវនេះ។ គោលបំណងរបស់យើង គឺដើម្បីពិភាក្សាជាមួយ IMF ហើយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានកន្លែងផ្តល់ឥណទានបន្ថែម»។

ប្រទេសស្រីលង្កា បានវណ្ឌកនឹងបំណុលបរទេស ជាង៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ស្រីលង្កា បានទទួលជំនួយគាំទ្រជាចម្បង ចំនួន៤ពាន់លានដុល្លារ នៅក្នុងបណ្តាញឥណទាន ពីប្រទេសឥណ្ឌា។ លោក Wickremesinghe នាយករដ្ឋមន្រ្ដីស្រីលង្កា បាននិយាយថា ឥណ្ឌានឹងមិនអាចរក្សាស្រីលង្កា ឱ្យនៅស្ថិតស្ថេរបានយូរនោះឡើយ។

ប្រទេសស្រីលង្កា បានប្រកាសរួចមកហើយថា ខ្លួនកំពុងតែផ្អាកការសងបំណុលបរទេស ចំនួន៧ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយរង់ចាំលទ្ធផល នៃការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ទៅលើកញ្ចប់សង្គ្រោះ។ ស្រីលង្កា ត្រូវតែបង់ប្រាក់ ចំនួន៥ពាន់លានដុល្លារជាមធ្យម ក្នុងមួយឆ្នាំៗ រហូតដល់ឆ្នាំ២០២៦៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×