ភ្នំពេញ៖ ថ្មីៗនេះមានក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន បានបង្ហាញក្តីបារម្ភ តាមរយៈបណ្តាញព័ត៌មានសង្គម ស្តីពីករណីដែលរឿងក្រុមហ៊ុនវៀតណាម មានបំណងចង់បោះទុនវិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលំហែកាយរបស់គេនៅកម្ពុជា និងប្រទេសវៀតណាម។
ករណីខាងលើនេះ ក្រសួងអះអាងថា ខាងអ្នកវិនិយោគវៀតណាម គ្រាន់តែបង្ហាញពីគោលបំណងនៃការបោះទុនវិនិយោគលើវិស័យកសិកម្មផ្នែកដំណាំស្បៀងសុវត្ថិភាពតែប៉ុណ្ណោះ មិនទាន់មានការអនុញ្ញាឲ្យដាំដុះ នៅកម្ពុជានៅឡើយទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ជុំវិញនេះ ដោយក្រសួងកសិកម្មបានបញ្ជាក់ថា ប្រសិនបើកគម្រោងការវិនិយោគនេះ ដំណើរការក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើមែននោះ ត្រូវអនុវត្តន៍ផលិតកម្មកសិកម្មកិច្ចសន្យា ដើម្បីធ្វើការផលិតតាមគោលការណ៍ កសិកម្មសិរីរាង្គ ឬការអនុវត្តន៍កសិកម្មល្អ សម្រាប់ផ្គត់ផ្គង់សណ្ឋាគារ កន្លែងលំហែកាយ ទាំងនៅកម្ពុជា និងនៅវៀតណាម។ ក្រុមហ៊ុននឹងត្រូវរៀបចំកសិដ្ឋានដាំដុះគំរូ ដើម្បីបង្ហាញឲ្យកសិករធ្វើការដាំដុះតាមបទដ្ឋាន បច្ចេកទេសសមស្រប ពូជមានទិន្នផលខ្ពស់ និងក្រុមហ៊ុននឹងប្រមូលទិញមកវិញ ដើម្បីបំពេញតម្រូវការទីផ្សារតាមគោលបំណងខាងលើ។
គម្រោងវិនិយោគខាងលើនេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះភាគីអ្នកវិនិយោគមិនទាន់ធ្វើ ការសិក្សាបានច្បាស់លាស់ ស្តីពីផែនការលើការបោះទុនវិនិយោគនៅឡើយ។
សូមបញ្ជាក់ថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវលើកសំណើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយត្រូវដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងការវាយតម្លៃលើផលប៉ះពាល់នៃគម្រោងវិនិយោគ ព្រមទាំងត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលផងដែរ។ ចំពោះការលើកឡើងរបស់បណ្តាញព័ត៌មានសង្គមមួយចំនួនកន្លងមក គឺជាការវិភាគមិនទាន់គ្រប់ជ្រុងជ្រោយ និងការស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលបំណងនៃការវិនិយោគនោះនៅឡើយទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនពិតជាបានយល់ច្បាស់អំពីអ្វីដែលក្រសួងបាននិងកំពុងធ្វើ ហើយនឹងជម្រះបាននូវការមន្ទិលសង្ស័យនានាដែលបានលើកឡើងតាមបណ្តាញព័ត៌មានសង្គមមួយចំនួន ដោយឈរលើការវិភាគមិនបានច្បាស់លាស់ និងសូមមេត្តាជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការ វិនិយោគមួយនេះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអនុញ្ញាតឲ្យ គណៈប្រតិភូវៀតណាម ក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។ ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើ៖ ១) ការបោះវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក។ ២) ការកែច្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ។ ទាក់ទងទៅនឹងផែនការវិនិយោគខាងលើ ក្រុមហ៊ុន បានបញ្ជាក់ថា បានត្រៀមទុន ចំនួន ប្រមាណជាមួយពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ