តាម StraitTimes នាយកមន្ត្រីម៉ាឡេស៊ី Mahathir Mohamad អាយុ ៩២ឆ្នាំ មានជីវភាពរស់នៅដ៏សន្សំសំចៃ ជាហេតុធ្វើឲ្យបណ្តាញសង្គមមានការស្ងើចសរសើរយ៉ាងខ្លាំង ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានស្វាគមន៍ព្រោះស្បែកជើងមានតម្លៃតែជាង ៣ដុល្លារ ប៉ុណ្ណោះ ។ គណនី Instagram @azranshah បានថតរូបភាពនៅថ្ងៃទី ១៧ ខែឧសភា ខណៈពេលនាយករដ្ឋមន្ត្រី Mohamad កំពុងសម្រាកលើកៅអី ដៃកាន់ទូរស័ព្ទដោះស្បែកជើងដាក់ក្បែរនោះ ។ ម្ចាស់គណនីនេះ ក៏បានពិនិត្យឃើញយីហោរបស់ស្បែកជើង ។ គាត់សរសេរថា “នាយករដ្ឋមន្ត្រីដ៏ឱនលំទោនរបស់យើងមិនត្រូវការយីហោ Gucci ឬ Hermes គាត់ប្រើត្រឹមយីហោ Bata ប៉ុណ្ណោះ ។
នៅថ្ងៃដដែលក្រុមហ៊ុន Bata បានបង្ហោះលើ facebook នូវស្បែកជើងរបស់នាយករដ្ឋមន្ត្រី Mahathir Mohamad វាជាទំនិញលក់ដាច់យ៉ាងខ្លាំង ក្នុងខែ Ramadam ។ ស្បែកជើងដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងពាក់ គឺផលិតមុននេះ ៤ឆ្នាំ បច្ចុប្បន្នស្បែកជើងដូចគ្នានេះ ស្បែកជើង Bata នៅបន្តផលិតគ្រាន់តែមានការកែប្រែបន្តិចបន្តួចប៉ុណ្ណោះ។
មុននេះ លោក Mahathir និងភរិយា ក៏ត្រូវបានគេឃើញដើរទិញសម្លៀកបំពាក់បញ្ចុះថ្លៃផងដែរ ៕ សូយន