បុរសម្នាក់ បើទោះជាមើលទៅ គាត់ហាក់មានបញ្ហាសតិស្មារតីក្តី តែបានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្កម ចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះការព្យាយាមសន្សំលុយត្រឹមកាក់សេនរបស់គាត់ ព្រោះតែបំណងចង់ទិញទូរស័ព្ទ១គ្រឿង បានប្រើប្រាស់នឹងគេដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ បុរសរូបនោះ បាននាំយកលុយខំសន្សំ ដែលភាគច្រើនជាប្រភេទក្រដាស ១០០ រៀល និង១ពាន់រៀល មកកាន់ហាងលក់ទូរស័ព្ទមួយកន្លែង ទាំងអារម្មណ៍ភ័យផង អរផង ព្រោះមិនដឹងថា អាចគ្រប់ចំនួនសម្រាប់ទូរស័ព្ទ១គ្រឿងដែរឬយ៉ាងណានោះទេ។ បើតាមមើលចំនួនទឹកលុយជាក់ស្តែង គឺប្រហែលពុំអាចគ្រប់នោះទេ ប៉ុន្តែ អ្នកលក់ចិត្តធម៌ បានចែកជូនទូរស័ព្ទ Nokia ១គ្រឿង ដល់បុរសរូបនោះ ដែលធ្វើឲ្យគាត់បង្ហាញទឹកមុខញញឹម រំភើបចិត្តយ៉ាងខ្លាំង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ភាង រ៉ាស្មីន ជាអ្នកលក់ទូរស័ព្ទ បានបង្ហោះរូបភាពរូបប៉ុន្មានសន្លឹក និងភ្ជាប់សារយ៉ាងខ្លីគួរឲ្យភ្ញាក់ផ្អើលថា៖ «ថ្ងៃនេះស្ងាត់ផង បានម៉ូយមួយ រាប់ក្បែពីម៉ោង អស់គុណបងប្រុស»។
ក្រោយពីបានឃើញរូបភាពទាំងនេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនបញ្ចេញមតិផ្សេងៗគ្នាថា៖ «សូមសរសើរទឹកចិត្តអ្នក់លក់ មិនរើសអើងអ្នកទិញ ពិតជាគួរអោយគោរពណាស់, កុំមើលសំបកកាយគាត់ មើលទឹកចិត្តគាត់ថ្លៃថ្នូរណាស់ សន្សំកាក់សេនគ្រប់លុយ ទើបប្រើទូរស័ព្ទបើគ្មានលុយគឺមិនខ្ចីប្រើ, សុខចិត្តសន្សំទិញក៏មិនលួចរបស់គេដែរ ពេលខ្លះយើងអាចគិតថាមនុស្សប្រភេទនេះ គួរឲ្យខ្ពើមគួរឲ្យក្លាច តែធាតុពិតមិនមែនសុទ្ធតែបែបនឹងទាំងអស់ឡើយ ហើយខ្លះវិញអាចនឹងមានចិត្តសល្អជាងមនុស្ស ដែលយើងមើលឃើញសំបកក្រៅស្អាតបាតទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



