នារីដ៏ស្រស់ស្អាតម្នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាខ្លាំង បន្ទាប់ពីនាងបានប្រឈមមុខនឹងចោរម្នាក់ ដែលបានព្យាយាមឆក់យកកាបូបដៃរបស់នាង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងការវាយប្រហារជាមួយនារីរងគ្រោះ ចោរដែលប្រដាប់ដោយកាំបិតនៅនឹងដៃ បានចាក់ប្រហារទៅលើផ្ទៃរបស់នាងយ៉ាងសាហាវ និងរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយនាំយកទៅជាមួយរបស់ដ៏មានតម្លៃរបស់នាង ។
តាមរយៈវីដេអូឃ្លីបបង្ហោះឡើងអនឡាញ បានបង្ហាញឲ្យឃើញអ្នកដំណើរជួយនារីរងគ្រោះ ដែលផ្លែកាំបិតនៅតែដោតជាប់នឹងផ្ទៃមុខ នៅផ្នែកខាងក្រោមភ្នែកខាងស្តាំរបស់នាង ។
សាក្សីបានប្រាប់អ្នកសារព័ត៌មានថា៖ «នារីរងគ្រោះបានកំពុងតស៊ូប្រឈមជាមួយបុរសម្នាក់ ដែលបានប្លន់យករបស់មានតម្លៃរបស់នាង ។ បុរសជាចោររូបនោះ បានចាក់ទៅលើផ្ទៃមុខរបស់នាងជាមួយកាំបិត និងរត់គេខ្លួន ដោយបន្សល់ទុកកាំបិតនៅជាប់នឹងផ្ទៃមុខរបស់នាង បណ្តាលឲ្យឈាមស្រោចមុខគួរឲ្យអាសូរបំផុត ។ នារីរងគ្រោះនៅពេលនោះ បានស្រែកយំឲ្យសាធារណជនជួយនាងផង» ។
ភ្លាមៗនោះ អ្នកដំណើរបានប្រញាប់ប្រញាល់បញ្ជូននាងទៅកាន់មន្ទីរពេទ្យ Bukit Mertajam ទីកន្លែងដែលនាងឥឡូវនេះ បានសះស្បើយពីរបួសរបស់នាងហើយ, នេះបើតាមសេចក្តីរាយការណ៍ MailOnline ។
ឥឡូវនេះ អាជ្ញាធរកំពុងប្រមូលកំណត់ត្រាវីដេអូ នៅជុំវិញកន្លែងកើតហេតុ និងស្វែងរកសាក្សីជាច្រើន ដើម្បីជួយដល់ការស៊ើបអង្កេតរបស់ពួកគេ ៕ ចន្ទី