ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ឲ្យដឹងថា ចុងសប្ដាហ៍ទី៤ នៃថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរចេញកម្សាន្តជាង ៣១ម៉ឺននាក់ ជាភ្ញៀវទេសចរផ្ទៃក្នុង ដែលក្នុងនោះ ភ្ញៀវជាតិ ២៩៨,៩៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៩,៩២៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖
- ខេត្តព្រះសីហនុ ៥៦. ៨៨៥ នាក់
- ខេត្តសៀមរាប ៤៥.២១៩ នាក់
- ខេត្តបាត់ដំបង ៤០.៩៥៥ នាក់
- ខេត្តកំពត ៣៤.៥១៨ នាក់
- ខេត្តកែប ២២.៤៥១ នាក់
- រាជធានីភ្នំពេញ ១៨.៦៨៥ នាក់
- ខេត្តត្បូងឃ្មុំ ១៥.៣៤៣ នាក់
- ខេត្តកំពង់ស្ពឺ ១២.៨៩៥ នាក់
- ខេត្តពោធិ៍សាត់ ១២.៨៥៤ នាក់។
ជាការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមមាន ៖
- ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិចបើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ មានការថយចុះប្រមាណ ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។
- តាមការសង្កេតជាក់ស្តែង របស់មន្ទីរទេសចរណ៍ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្ត មិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
- តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលថ្ងៃឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនធ្វើដំណើរកម្សាន្តជិតៗ ដោយចេញដំណើរពីព្រឹកព្រលឹម នឹងត្រលប់ចូលផ្ទះល្ងាចវិញ។
- តម្លៃកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរហាក់នៅមានតម្លៃខ្ពស់ ស្របនឹងតម្លៃប្រេងសាំង មានការកើនឡើង។
ដូច្នេះ បើវិស័យឯកជនរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃសមរម្យ នឹងត្រូវទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចេញកម្សាន្តច្រើនជាងនេះទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



