Wednesday, January 26, 2022

ស្នើ​ជួយ​សម្របសម្រួល​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន ម្រេច និង​ទឹកមាត់​ត្រចៀក​កាំ ចូល​ទៅ​ប្រទេស​ចិន​

​ភ្នំពេញ​៖ ប្រតិភូ​ខេត្ត​ក្វាង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចេតនា​ជួយ​សម្របសម្រួល​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន ម្រេច និង​ទឹកមាត់​ត្រចៀក​កាំ ចូល​ទៅ​ប្រទេស​ចិន​ឲ្យបាន​នាពេលខាងមុខ​។ ការលើកឡើង​របស់​ភាគី​ចិន​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ស៊ា​ង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម និង លោក Liang Yi អគ្គនាយករង​នៃ​ភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ខេត្ត​ក្វាង​ស៊ី នា​ល្ងាច ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​សូម​ជម្រាប​ផងដែរ​ថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ខេត្ត​ក្វាង​ស៊ី មក​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ចិន​-​កម្ពុជា និង​អញ្ជើញ​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១២-១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ខណៈ​ដែល​ឆ្នាំ​២០១៨​នេះ កម្ពុជា នឹង​ត្រូវ​ធ្វើជា ប្រទេស​កិត្តិយស ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។​

​នៅក្នុង​ឱកាស​នោះ លោក Liang Yi បាន​ជម្រាប​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​មក​ពី​ខេត្ត​ក្វាង​ស៊ី​ជាច្រើន បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ហើយ​នៅ​ថ្ងៃ​ខាង​មុខ លោក នឹង​ខិតខំ​កៀរគរ​វិនិយោគិន​ខេត្ត​ក្វាង​ស៊ី ឲ្យចូល​មក​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ លោក Liang Yi បាន​បន្តថា មាន​ក្រុមហ៊ុន​មកពី​ខេត្ត​ក្វាង​ស៊ី​ដ៏​ធំ​មួយ កំពុង​បោះទុន​វិនិយោគ​លើ​កំពង់ផែ​ក្រុងព្រះសីហនុ បើសិនជា​គម្រោង​នេះ​ទទួលជោគជ័យ កម្ពុជា​អាច​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ត្រង់​ទៅ​ប្រទេស​ចិន​តែម្តង​។​

​ជា​ការឆ្លើយតប លោក ស៊ា​ង ថៃ បាន​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​វិនិយោគ​របស់​ខេត្ត​ក្វាង​ស៊ី និង​បាន​សន្យា​ជួយ​សម្រួល​គម្រោង​នេះ ឲ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត​។ លោក អគ្គនាយក ក៏​បាន​ស្នើ លោក Liang Yi ឲ្យ​ពិចារណា​ជួយ​សម្របសម្រួល​យ៉ាងណា​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន ម្រេច និង​ទឹកមាត់​ត្រចៀក​កាំ ចូល​ទៅ​ប្រទេស​ចិន​ឲ្យបាន​ឆាប់ ព្រោះ​ឥឡូវនេះ កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៅ​ប្រទេស​ចិន​បាន​តែ អង្ករ ដំឡូង​មី និង​ពោត​ប៉ុណ្ណោះ​។ ក្នុង​ឱកាស​នេះ​ដែរ លោក អគ្គនាយក ក៏​បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋបាល​ខេត្ត​ក្វាង​ស៊ី ដែល​កន្លង​មក​តែង​បាន​ជួយ​សម្របសម្រួល​ប្រតិភូ​កម្ពុជា ក្នុង​ការចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន ចាប់តាំងពី​ឆ្នាំ​២០០៤ ដោយ​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ភាគច្រើន កាន់តែ​មាន​ភាពម្ចាស់កា​រ ក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម និង​ពង្រីក​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់​។ តប​តាម​សំណើរ​នេះ លោក Liang Yi នឹង​រាយការណ៍​ទៅ​មន្ត្រី​និង​អាជ្ញាធរ​ចិន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ដោះស្រាយ​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន និង​ម្រេច ចូល​ប្រទេស​ចិន​បាន​។ ដោយឡែក ចំពោះ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​វិញ ភាគី​ចិន នឹង​សហការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បង្កើត​ជា​ក្រុម​ជំនាញ​មួយ ដើម្បី​ជួយ​សម្របសម្រួល​យ៉ាងណា​ឲ្យ​កម្ពុជា​អាច​នាំ​ចូល​ទឹកមាត់​ត្រចៀកកាំ​ទៅកាន់​ប្រទេស​ចិន​បាន​ដូច​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​