ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ សូមរៀបចំបញ្ចុះកញ្ចប់តម្លៃទេសចរណ៍ឱ្យបានសមរម្យសម្រាប់ភ្ញៀវទេសចរ ធ្វើយ៉ាងណាឱ្យពួកគេអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់ទាក់ទាញទាំងភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។
ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ដែលគ្រោងនឹងធ្វើនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវថា សូមស្នើដល់វិស័យឯកជនទាំងអស់ ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ពោលគឺ បញ្ចុះតម្លៃកញ្ចប់ទេសចរណ៍ឱ្យបានសមរម្យ និងរស់រវើក បត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អាចសម្រួលនូវរបាំងតម្លៃនេះ ធ្វើដំណើរចេញកម្សាន្តឱ្យកាន់ងាយស្រួល និងអ៊ូអរច្រើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានកត់សំគាល់ថា ស្ថិតនៅក្នុងដំណាក់កាលក្រោយកូវីដ-១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក, ដូចនេះ វិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក មានតម្លៃទាបសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











