ភ្នំពេញ ៖ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ ក្រសួងសេដ្ឋកិច្ចចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ប្រចាំត្រីមាសទី១ បានបង្ហាញថា អតិផរណាជាមធ្យមនៅកម្ពុជាដែលរងឥទ្ធិពលដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈឆ្នាំមុនមានអត្រា២.១% ដែលទិន្នន័យនេះ គឺជាអត្រាដ៏ខ្ពស់មួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា សន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៤.៦%, ត្រី ៥.២% ខណៈឧស្ម័ន (Gas) កើន២៨%, ប្រេងសាំងធម្មតា ៣៧.២% និងប្រេងម៉ាស៊ូត ៤៤.៤%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អតិផរណាសម្រាប់ភោជនីយដ្ឋាន ដែលកាលពីឆ្នាំមុន ត្រឹម ០៣.% បានកើន ៦.២%. ការដឹកជញ្ជូនដែលធ្លាប់មានអត្រា -០.៥% បានកើនឡើងដល់ ១២.១% , សុខាភិបាល ដែលធ្លាប់ស្ថិតក្នុងអត្រា -០.៣% កាលពីឆ្នាំមុន បានកើនឡើងដល់ ៣.៨% នៅត្រីមាសទី១ឆ្នាំនេះ។ ចំណែកគ្រឿងសង្ហារិម សម្ភារៈប្រើប្រាស់ និងការថែទាំ បានកើនឡើងពី ០.៣% ដល់ ៣.៧%។ សម្លៀកបំពាក់ និងស្បែកជើង បានកើនឡើងពី ៣.៦% ដល់ ៨.៥%។

តែយ៉ាងណាមិញ ទំនិញ និងសេវាផ្សេងៗ ដែលកាលពីឆ្នាំ២០២១ មានអត្រា ៦.១% នៅឆ្នាំនេះ បានថយចុះមក៤.២%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់បានថយចុះពី១.៥% មក ០.៨% និងអាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង បានថយចុះពី ៣.១% មក ៥.១%វិញ។
ក្រសួងក៏បានបង្ហាញសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ប្រេងឆៅ (Brent) ថ្លៃ ៩៩ដុល្លារ ក្នុងមួយប៉ារ៉ែល កើនឡើង ៦៣.៤%, កៅស៊ូ (TSR20) តម្លៃ ១ ៧៧១,៧ដុល្លារក្នុងមួយតោន
កើនឡើង ៥.៩%, មាសថ្លៃ ២ ០៥៥.៤ដុល្លារ ក្នុងមួយអោន ធ្លាក់ចុះ ២១.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទន្ទឹមគ្នានេះ សន្ទស្សន៍ថ្លៃថាមពល បានកើនឡើង ១៣៦.៩% និងលោហៈធាតុមានតម្លៃកើនឡើង ១.៧%។
ចំណែកអត្រាប្តូរប្រាក់ ក្នុងត្រីមាសទី៣ ជាមធ្យមក្នុងរង្វង់ ៤ ០៧២រៀល ក្នុងមួយដុល្លារអាមេរិក កើនឡើង ០.១%។

តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់ ៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ប៉ុន្តែនឹងថមថយមកវិញនៅរង្វង់ ២.៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុក នូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចពិភពលោកមានលំនឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











