ភ្នំពេញ ៖ ជាការឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀតនៃគ្រូពេទ្យជំនាញឯកទេសបេះដូងនោះ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងសមាគមចង្វាក់បេះដូងនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំងឺបេះដូង ដើម្បីផ្ដល់ទំនុកចិត្តដល់ការព្យាបាលជំងឺបេះដូងរបស់ប្រជាជនកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យ រួមទាំងលោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ ឯកទេសជំងឺចង្វាក់បេះដូង និងជាប្រធានមជ្ឈមណ្ឌលអន្តរាគមន៍ជំងឺបេះដូង និងសរសៃរឈាម នៃមន្ទីរពេទ្យសេវេរ៉ន់ នៃសាធារណរដ្ឋកូរ៉េ និងលោកសាស្ត្រាចារ្យ ជន់ វ៉ាង ឯកទេសជំងឺចង្វាក់បេះដូង ជាប្រធានផ្នែកជំងឺចង្វាក់បេះដូង នៃមជ្ឈមណ្ឌលសុខភាពរីវើ សហរដ្ឋអាមេរិក។

លោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ បានថ្លែងថា ការចុះអនុស្សរណៈនេះ គឺដើម្បីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកជំងឺបេះដូង ដល់ក្រុមគ្រូពេទ្យកម្ពុជា ជាបន្តទៀត ដែលកន្លងមកយើងក៏បានបណ្ដុះបណ្ដាលចំណេះជំនាញនេះ ដល់គ្រូពេទ្យនៃមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀតនេះផងដែរ រួមជាមួយនឹងការផ្ដល់ឧបករណ៍ សម្ភារ:ផ្សេងៗ។ ការបន្តបណ្ដុះបណ្ដាលលើជំនាញជំងឺបេះដូងនេះ ខ្ញុំរំពឹងថា នឹងជួយអភិវឌ្ឍគ្រូពេទ្យផ្នែកជំងឺបេះដូងឲ្យមានលក្ខណៈស្តង់ដារ ពិសេសពង្រឹងចំណងមិត្ដភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរមួយកម្រិតបន្ថែមទៀត។
ចំណែក លោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ បានឱ្យដឹងថា កន្លងមកនិស្សិតកម្ពុជាយើង ដែលជាក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានទៅសិក្សាដោយផ្ទាល់នៅក្រៅប្រទេសជាមួយសមាគមចង្វាក់បេះដូងរបស់សាធារណរដ្ឋកូរ៉េ ទទួលបានចំណេះជំនាញខ្លះៗរួចមកហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នឹងការព្យាបាលទៅលើអ្នកជំងឺបេះដូងដ៏ច្រើននោះទេ ដូច្នេះ ដើម្បីអភិវឌ្ឍឯកទេសជំងឺបេះដូងនៅកម្ពុជាដល់ក្រុមគ្រូពេទ្យឲ្យកាន់តែច្រើនឡើង និងមានជំនាញដល់កម្រិតស្ដង់ដារនោះ ថ្ងៃនេះយើងបានចុះអនុស្សរណៈជាមួយគ្នា ដើម្បីពង្រីកការបណ្ដុះបណ្ដាលបន្ថែមទៀត។
ទាក់ទងនឹងសំណួរថា តើមនុស្សវ័យណាដែលចូលព្យាបាលជំងឺបេះដូងនោះ? លោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា ប្រធានផ្នែកព្យាបាលជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរព្រេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជំងឺ ដែលមកទទួលសេវាពិនិត្យព្យាបាលផ្នែកជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានសម្ទុះកើនឡើងច្រើន ចាប់ពីមនុស្សវ័យកណ្ដាល ដល់ វ័យចាស់ ប៉ុន្តែ ភាគច្រើនជាងគេ គឺ វ័យចាស់តែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













