ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសម៉ាឡេស៊ី បានចែករំលែកយ៉ាងផុសផុល ទាក់ទងករណីម្ចាស់ដើមការមួយ បានត្អូញត្អែរពីបទពិសោធន៍របស់ខ្លួន រឿងភ្ញៀវមកចូលរួមមង្គលការចងដៃតិច ខណៈតុអាហាររៀបទទួល មុខម្ហូបថ្លៃ។
តាមរយៈគ្រុបហ្វេសប៊ុក KL Blow Water Station (KL娱乐站) អ្នកបង្ហោះនោះបានសរសេររៀបរាប់ថា៖ «តុជប់លៀងអាពាហ៍ពិពាហ៍របស់បងប្អូនជីដូនមួយរបស់ខ្ញុំ មានតម្លៃ RM2,200 (ប្រមាណ ៥០០ ដុល្លារ) ហើយមិនរួមបញ្ចូលភេសជ្ជៈផង។ ប៉ុន្តែ រឿងមិននឹកស្មាននោះ គឺភ្ញៀវជាច្រើនដែលមកចូលរួមបានចំណាយត្រឹមតែប្រហែល 150 ទៅ 18០ RM (ជាង ៣ ដុល្លារ ទៅ ៤ ដុល្លារ) ប៉ុណ្ណោះ»។
ក្នុងផុសនោះក៏បានបញ្ជាក់ថា “ឥឡូវនេះ អ្វីៗគឺថ្លៃណាស់! ហើយប្រសិនបើអ្នកមិនអាចចំណាយចងដៃលើសពី 300 RM (ជាង ៦៨ ដុល្លារ) បានទេ កុំទទួលយកសំបុត្រអញ្ជើញពីអ្នកដទៃអី ដើម្បីកុំឱ្យពួកគេខាតបង់លុយ»។
តែទោះជាយ៉ាងណា ក្រោយឃើញម្ចាស់ដើមការត្អូញបែបនេះ ស្រាប់តែមតិជាច្រើនបានចេញប្រតិកម្ម និងប្រាប់ឲ្យដឹងថា៖ «សុំទោស តើលោករៀបចំអាហារពេលល្ងាចដើម្បីរកលុយបានទេ? ប្រសិនបើអ្នកបានធ្វើ អ្នកគួរសរសេរវានៅលើសំបុត្រអញ្ជើញអំពីចំនួនប្រាក់ដែលមនុស្សម្នាក់ត្រូវចងដៃ។
បើមនុស្សមានលទ្ធភាពមក មិនអីទេ បើអ្នកនោះមិនមានលទ្ធភាពមក នោះជាបញ្ហារបស់គ្រួសារអ្នកហើយ។ គ្មាននរណាម្នាក់ស្នើឱ្យអ្នកជ្រើសរើសឈុតតុអាហារតម្លៃ RM2,200 ទេ។ ប្រសិនបើអ្នកមានលទ្ធភាព នោះអ្នកអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមអបអរ ប៉ុន្តែ ប្រសិនបើអ្នកមិនមានលទ្ធភាពធ្វើដូច្នេះទេ កុំរំពឹងថាអ្នកដទៃនឹងចំណាយសម្រាប់អ្នក»។
អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន បានផ្តល់ជម្រើសដល់ពួកគេថា៖ «ប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់ អ្នកអាចជ្រើសរើសអាហារប៊ូហ្វេបានជានិច្ច, វាមិនអីទេ ចាត់ទុកជាមេរៀន! អ្នកមានបទពិសោធរួចហើយ ហេតុនេះ បើមានកម្មពិធីលើកក្រោយ អ្នកអាចជ្រើសរើសឈុតដែលថោកជាងនេះទៅ ដើម្បីកុំឲ្យខាត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

