Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងម៉ុងហ្គាលី ជំរុញពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន តាមរយៈការពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្ម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម H.E. Mr. JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ដែលមាននិវាសន្នដ្ឋាននៅទីក្រុងវាងចន្ទន៍ ប្រទេសឡាវ និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ភាគីទាំងពីរ បានថ្លែងអបអរសាទរនូវទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទ្បើងក្នុងឆ្នាំ១៩៦០ និងបានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់ជិតស្និទ្ធបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមចំនែកក្នុងការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់នូវឱកាសនិងសក្តានុពលក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាងនេះ តាមរយៈការពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្ម ជាដើម ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ ដែលបានអនុញ្ញាតទទួលឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម ជាពិសេសដើម្បីស្វែងយល់ពីបរិបទនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យសំខាន់ៗជាខឿនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានោះ ឯកឧត្តម បានមានមតិឯកភាពនិងបង្ហាញការគាំទ្រចំពោះសំណើក្នុងការរៀបចំ នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីមានលទ្ធភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ផងដែរ អំពីសក្តានុពលលើវស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗដទៃទៀតដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។ បន្ថែមពីនេះទៀត ឯកឧត្តមបានបង្ហាញពីគោលបំណងឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ឬជំនួបរវាងថ្នាក់ដឹកនាំរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសម៉ុងហ្គោលី ដើម្បីបន្តពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យបានកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×