ការឆែកឆេរផ្ទះ និង ទីកន្លែងមួយចំនួន ទាក់ទងដល់លោក Najib Razak បានប្រព្រឹត្តទៅកាលពីព្រឹកមិញនេះ ដែលជាផ្នែកមួយក្នុងការស៊ើបអង្កេតមូលនិធិ 1MDB ដែលបង្កប់រឿងអាស្រូវជាច្រើននាប្រទេសនេះ។
ទំនិញBrand ដូចជាកាបូប Birkin របស់ Herm គ្រឿងអលង្ការ នាឡិកា និងរបស់របរជាច្រើនទៀត ត្រូវបានប៉ូលិសយកចេញពីភូមិគ្រឹះនៅតំបន់ Pavillion កណ្តាលក្រុងកូឡាឡាំពួរ កាលពីព្រឹកព្រលឹមម្សិលមិញ ។
Strait Times ដែលដកស្រង់សម្តីរបស់នាយប៉ូលិស Amar Singh នាយកស៊ើបអង្កេតករណីបំពានទោសពាណិជ្ជកម្ម ឲ្យដឹងថា ៖ “វាមានគ្រឿងអលង្ការចំនួនប៉ុន្មាននោះខ្ញុំពុំអាចនិយាយប្រាប់បានទេ ព្រោះយើងខ្ញុំរឹបអូសយកប្រអប់ជាច្រើនដែលផ្ទុកគ្រឿងអលង្ការ ហើយពិតណាស់វាមានចំនួនមិនតិចឡើយ” ។
អ្នកស្រី Rosmah Mansor ល្បីល្បាញថាជាមនុស្សងប់ងល់ Birkin របស់ Herm ។ ហើយកាបូបយីហោនេះ មានតម្លៃ ១២.០០០-៣០.០០០ដុល្លារ មុននោះអ្នកស្រី Mansor ធ្លាប់បានបង្កភាពរំជើបរំជួលមួយនៅឆ្នាំ ២០១៥ ពេលដែលគាត់ចំណាយលុយទិញកាបូប Birkin មានតម្លៃរហូត ២០០.០០០ដុល្លារ ។
មកទល់ពេលនេះ លោក Najib បានបដិសេធរាល់ព័ត៌មានដែលថា លោកមានកំហុសជាច្រើននោះ ៕ សូយន