Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចូលប្រេងឥន្ធនៈ មានតម្លៃកើនឡើងជាលំដាប់ ខណៈពិបាកប៉ាន់ស្មានថា វានឹងធ្លាក់ចុះទៅរកសភាពដើមវិញនៅពេលណា?

ភ្នំពេញ ៖ បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម សម្រង់នាពេលថ្មីៗនេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃ ជាង ៩៧១លានដុល្លារ កើនឡើងជាង ៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៦១៧លានដុល្លារប៉ុណ្ណោះ។

ក្នុងចំណោមការនាំចូលប្រេងឥន្ទនៈទាំងនោះ រួមមាន ការនាំចូលប្រេងសាំង មានតម្លៃជាង ៣៤១លានដុល្លារ កើនឡើង ១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈ នារយៈពេល៥ខែនេះ កើនឡើងរហូតដល់ជាង ៥០% នោះ គឺ បណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន មក, ហើយតាម ការសង្កេតមើលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ គឺ ថ្លៃប្រេងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមក ប្រេងសាំងបានចាប់ផ្តើមកើនឡើងតម្លៃប្រហែលជិតបីដងទៅហើយ, ចំណែកប្រទេសកម្ពុជាជាប្រទេសនាំចូលប្រេងសុទ្ធសាធ គឺយើងអត់មានផលិតប្រេងខ្លួនឯងបានទេ ចឹងហើយការនាំចូល បើតម្លៃនៅលើទីផ្សារអន្តរជាតិកើនឡើងហើយ គឺការនាំចូលប្រេងមកកាន់កម្ពុជា ក៏តម្លៃត្រូវកើនឡើងដែរ។

ប្រេងឥន្ធនៈដែលកម្ពុជាកំពុងប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម, លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា តម្លៃប្រេងដែលយើងទិញនាំចូល គឺតម្លៃប្រេងអន្តរជាតិដែលហៅថា MOP , តម្លៃនេះនឹងកើនឡើងជានិច្ច ហើយយើងពិបាកប៉ាន់ស្មានថា វានឹងធ្លាក់ចុះវិញនៅពេលណានោះទេ? ទោះជាយ៉ាងណា វាមិនទាន់អាចចុះត្រលប់ទៅរកសភាពដើម ដូចមុនពេលមានព្រឹត្តិការណ៍សង្រ្គាមនោះដែរ។

តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ ថ្លៃជាមធ្យមជាង ១៤៩ដុល្លារក្នុងមួយប៉ារ៉ែល និងប្រេងម៉ាស៊ូត ថ្លៃជាមធ្យម ១៧៩ដុល្លារក្នុងប៉ារ៉ែល, ពេលនេះកម្ពុជាគ្រាន់តែទទួលរងនូវតម្លៃប្រេងឥន្ធនៈឡើងថ្លៃមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាតប្រេងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសនៅឡើយទេ, ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×