គម្រោងហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ១៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ ត្រូវបានត្រៀមចំរួចរាល់ហើយ សម្រាប់ផ្តល់កម្ចីការប្រាក់ទាបដល់ម្ចាស់អាជីវកម្ម នឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។
បើតាម លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា គម្រោងសហហិរញ្ញប្បទាន សម្រាប់ជួយស្តារវិស័យទេសចរណ៍មានទឹកប្រាក់ចំនួន ១៥០លានដុល្លារ ត្រូវបានធនគារ SME រៀបចំរួចរាល់ហើយ ដោយបានចុះអនុស្សរណៈជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន ១៩គ្រឹះស្ថាន និងទទួលបានការចុះហត្ថលេខាទទួលស្គាល់ពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ផងដែរ, ដូច្នេះការទទួលពាក្យស្នើសុំឥណទាន និងការផ្ដល់ឥណទាន នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។

ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយធនាគារ SME មានចំនួន ១៩គ្រឹះស្ថាន រួមមាន ៖ ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ CHIP MONG, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា, ធនាគារកាណាឌីយ៉ា, ធនាគារ FTB, ធនាគារហត្ថា, ធនាគារ PhilipBank, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារ Wing និងធនាគារ Sacombank។
បើតាមគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយមុខប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៤០ម៉ឺនដុល្លារ , ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ , អ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៧៥លានដុល្លារ៕ ពិសិដ្ឋ CEN











