ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វែងរកការស៊ើបអង្កេតផ្លូវការលើករណីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តនៅក្នុងប្រទេសអាហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC នៅថ្ងៃសៅរ៍ ទី ០៤ ខែវិច្ឆកានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកស្រី Fatou Bensouda ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បាននិយាយថា “មានមូលដ្ឋានសមហេតុផលដែលអាចជឿជាក់បានថា មានឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិត្រូវបានប្រព្រឹត្ត (នៅក្នុងប្រទេសអាហ្គានីស្ថាន)”។
បើតាមសេចក្តីថ្លែងការណ៍ដដែល ការស៊ើបអង្កេតត្រូវគេរំពឹងថា នឹងពិនិត្យមើលសកម្មភាពរបស់ក្រុមតាលីបង់ ទាហ៊ានរបស់រដ្ឋាភិបាលអាហ្គានីស្ថាន និងអាមេរិច ចាប់តាំងពីឆ្នាំ ២០០៣។
ការស្វែងរកការស៊ើបអង្កេតផ្លូវការលើករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្គានីស្ថាននេះ កើតឡើងក្រោយពេលមានការស៊ើបអង្កេតបឋមដែលមានរយៈពេលជាងមួយទសវត្សន៍នៅក្នុងអាហ្កានីស្ថាន។
ការស៊ើបអង្កេតរួមមាន ការពិនិត្យមើលលើឧក្រិដ្ឋកម្មផ្សេងៗដូចជា ការវាយប្រហារដោយចេតនាលើជនស៊ីវិល ការដាក់គុក និងការសម្លាប់ក្រៅប្រព័ន្ធច្បាប់។
អ្នកស្រី Fatou Bensouda កំពុងស្នើសុំការអនុញ្ញាតិពីចៅក្រមនៃ ICC ហើយប្រសិនជាមានការអនុញ្ញាតិឲ្យមានការស៊ើបអង្កេតជាផ្លូវការមែន អាមេរិចនឹងក្លាយជាប្រទេសដំបូងដែលអាចមានទំនួលខុសត្រូវលើករណីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន។
អ្នកស្រី Fatou Bensouda អាចនឹងមានលទ្ធភាពស៊ើបអង្កេតលើការចោទប្រកាន់ទាំងឡាយ ទោះបីអាមេរិចមិនមែនជាសមាជិក ICCក៏ដោយ ប៉ុន្តែអាហ្គានីស្ថានជាសមាជិក។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្វាគមន៍ចំពោះការស៊ើបអង្កេត។
បើតាមរបាយការណ៍ឆ្នាំ ២០១៦ របស់ ICC បានឲ្យដឹងថា មានមូលដ្ឋានសមហេតុផល ដែលអាចជឿជាក់បានថាយោធាអាមេរិចបានប្រព្រឹត្តិការធ្វើទារុណកម្មនៅកន្លែងឃុំខ្លួនសង្ងាត់ក្នុងប្រទេសអាហ្គានីស្ថាន ដែលប្រតិបត្តិការដោយ CIA។