Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម៖ ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៅកម្ពុជា កាន់តែមានការរីកចម្រើនជាលំដាប់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប៉ាន់ប្រមាណថា ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា នឹងកើនឡើងនៅឆ្នាំ២០២២នេះ ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរំពឹងថា នឹងមានកំណើនដល់ជាង ១ប៊ីលានដុល្លារ នៅឆ្នាំ ២០២២ និងជាង ១,៧ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥ខាងមុខ។

យោងតាមព្រឹត្តបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក្នុងឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់ ៩៧០,១លានដុល្លារ បានកើនឡើងពី ៨១៣,២៥លានដុល្លារ ក្នុងឆ្នាំ ២០២០។

តាមការប៉ាន់ប្រមាណនៅឆ្នាំ ២០២២នេះ ទំហំទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា នឹងកើនដល់ប្រមាណ ១១១៧,២៩លានដុល្លារ និងបន្តកើនដល់ប្រមាណ ១៧៨២,៣៤លានដុល្លារ នៅឆ្នាំ ២០២៥ខាងមុខ។

របាយការណ៍ដដែលនេះបង្ហាញទៀតថា ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមវិស័យនីមួយៗ កាលពីឆ្នាំ ២០២១ រួមមាន៖ សម្លៀកបំពាក់ ២៦៣,៣០លានដុល្លារ, គ្រឿងអេឡិចត្រូនិក ២៥៤,៤លានដុល្លារ, គ្រឿងសម្អាង ផលិតផលសុខភាព និងសម្ភារប្រើប្រាស់ ២៣០,៥លានដុល្លារ, សម្ភារក្មេងលេង សម្ភារកម្សាន្ត និងសម្ភារកែច្នៃផ្សេងៗ ៦២,៩៤លានដុល្លារ, ម្ហូបអាហារ ៥៧,១៩លានដុល្លារ, គ្រឿងសង្ហារឹម ៤៦,២៩លានដុល្លារ និងប្រព័ន្ធផ្សព្វ ផ្សាយ ១១,១៩លានដុល្លារ។

ដើម្បីគ្រប់គ្រងការរីកចម្រើននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញដល់ការអភិវឌ្ឍវិស័យនេះឲ្យមានទំនុកចិត្តកាន់តែខ្លាំងពីវិនិយោគិនជាតិ និងអន្តរជាតិ រួមទាំងអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងត្រូវដាក់ឲ្យចូលជាធរមានបន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខាងក្លាយជាច្បាប់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយគ្នានេះ ដើម្បីពង្រឹងការគ្រប់គ្រងលើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬអនឡាញ ក្រសួងពាណិជ្ជកម្ម បានតម្រូវឲ្យម្ចាស់អាជីវកម្មអនឡាញទាំងអស់នៅទូទាំងប្រទេស មកធ្វើការចុះបញ្ជីនៅក្រសួង ដើម្បីចៀសវាងការផាកពិន័យដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២។ ហើយអ្នករកស៊ីតាមអនឡាញជាច្រើន បានសម្រុកទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើរតួនាទីជាមូលដ្ឋានច្បាប់ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសដើម្បីការពារផលប្រយោជន៍ និងបង្កើតទំនាក់ទំនងប្រកបដោយទំនុកចិត្តខ្ពស់ជាមួយអ្នកប្រើប្រាស់អេឡិចត្រូនិក ក៏ដូចជា ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជា៕

spot_img
×