Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា ៖ ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​តែង​រារាំង​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍប្រទេសជាតិ​

​ស្វាយរៀង​ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អនុប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​រមាស​ហែក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​ស្វាយរៀងថា ៖ កុំ​ឲ្យ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​តែងតែ​រារាំង​ដល់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់ រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យបាន​គង់វង្ស​សម្រាប់​ទុកប​ន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ហើយ​កុំ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ចុងខែ​កក្កដា​ខាងមុខ​នេះ​ទាំងអស់គ្នា​។​

​ការ​ថ្លែង​បែប​នេះ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា និង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ត្រពាំង​បន្ទាយ​ថ្មី ស្ថិតនៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាស​ហែក ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ប្រធាន អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​តាម​បណ្តា​ឃុំ ភូមិ នៅក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ជា​ច្រើន​រូប​ផងដែរ​។​

ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៍​បាន​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នាពេលនេះ និង​បាន​នាំ​ការ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ នឹករលឹក​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​លោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូល និង​សូម​ជូនពរ លោកយាយ លោកតា បងប្អូន​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរ អាយុ​យឺនយូូ​​រ មាន​កម្លាំង​ពលំ​មាំមួន មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ទទួលបាន​ជោគជ័យ​នៅក្នុង​គ្រប់​កិច្ចកា​រងារ​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍ សូម​ចូលរួម​អបអរសាទរ​នូវ​សមិទ្ធផល​ទាំងអស់ ដែល​បាន​កើតឡើង​តាម​សទ្ធា​ជ្រះថ្លា​របស់​ព្រះ​តេជ​គុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកយាយ លោកតា ពុទ្ធបរិស័ទ ក៏ដូចជា​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការកសាង​ព្រះវិហារ​នេះ​ឡើង ទោះបី​នៅ​ទីណា​ក៍ដោយ​តែងតែ​បាន​រួមគ្នា ក្នុង​ការកសាង​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ និង​សូម​រំលឹក​នូវ​សភា​សិត​ខ្មែរ​ដែល​បាន​លើកឡើង​ថា ផឹកទឹក​កុំ​ភ្លេច​ប្រភព បាន​ផ្លែ​ហូប​កុំ​ភ្លេច​អ្នក​ដាំ ហើយ​យើង​រៀបចំ​ពិធី​នៅថ្ងៃនេះ គឺ​រៀបចំ​ដោយ​សុខសន្តិភាព និង​ភាព​សម្បូរ​សប្បាយ និង​គ្មាន​ភិតភ័យ​អ្វី​ទាំងអស់ នេះហើយ​ជា​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​បាន​ដឹកនាំ​ធ្វើ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដូច​សព្វថ្ងៃនេះ ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏​បាន​ប្រែ​មុខមាត់​គួរឲ្យ​កត់សម្គាល់​ផងដែរ​។​

លោកនាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​បន្ត​ថា យើង​បានឃើញ​ទាំងអស់​គ្នា​រួច​មក​ហើយ ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ អគ្គិសនី ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មណ្ឌល​សុខភាព រួមទាំង​ព្រះវិហារ​នេះ​ផង​ដែរ គឺ​វា​មិនអាច​កើត​ឡើង​ដោយ​ឯកឯង​បា​ទទេ ប្រសិន​ណា​គ្មាន​សន្តិភាព និង​ស្ថិត​ក្រោម​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ គឺ​បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពី​នេះ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៍​បាន​ធ្វើ​ការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ត្រៀម​ខ្លួន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​តាម​សេចក្តី ប្រកាស​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្រប់​គ្នា​កុំបី​អាក់ខាន​ឡើយ និង​ត្រូវ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​បាន​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ មិនចេះ​ភូតភរ កុហក​បោកប្រាស់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព និង​ធានាបាន​នូវ​សុខសន្តិភាព ជូន​ប្រទេស​ជាតិ​៕ ​វ៉ៃកូ​

×