នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ គេហទំព័រ ETtoday បានចេញផ្សាយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន គ្រាដែលកូនក្រមុំវ័យក្មេងម្នាក់ ចូលច្រឡំបន្ទប់ក្នុងរាត្រីក្រេបទឹកឃ្មុំ ស្រាប់តែព្រឹកឡើងទើបដឹងថា មិនមានជាប្តី តែបែរជាមិត្តភក្តិរបស់កូនកំលោះទៅវិញ។
ប្រភពបានឲ្យដឹងថា គូស្នេហ៍វ័យមួយគូនេះ សម្រេចចិត្តរៀបការ បន្ទាប់ពីអ្នកទាំងពីរបានស្រលាញ់គ្នា និងមានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនឆ្នាំមកហើយ។ ភាគីខាងប្រុសត្រូវបានដឹងថាមានមិត្តភក្តិច្រើននាក់ ហើយផ្ទះរបស់គាត់ក៏ធំទូលាយល្មម ហេតុនេះ គ្រួសាររបស់គាត់បានសម្រេចចិត្តរៀបចំពិធីមង្គលការនៅផ្ទះ ដើម្បីសន្សំការចំណាយ។
ក្រោយពេលបញ្ចប់ពិធី កូនកំលោះបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិជាង១០នាក់ ប៉ុន្តែដោយសារគ្រប់គ្នាផឹកស្រាស្រវឹង ទើបមិនបើកឡានត្រឡប់ទៅផ្ទះវិញ គ្រួសាររបស់កូនកំលោះក៏បានរៀបចំបន្ទប់សម្រាប់ពួកគេ។ បន្ទប់ទាំងអស់ត្រូវបានតុបតែងរៀបចំស្រដៀងគ្នា ហើយនេះគឺជាមូលហេតុនៃសុបិន្តអាក្រក់របស់កូនក្រមុំ។
កូនក្រមុំបានចេញមកបន្ទប់ទឹកទាំងកណ្តាលយប់ ខណៈកូនកំលោះដេកស្រវឹងមិនដឹងខ្លួននោះទេ។ ប៉ុន្តែ ហាក់ដូចជាពេលត្រឡប់មកវិញ នាងបានចូលបន្ទប់ខុស ដែលជាបន្ទប់របស់មិត្តជិតស្និទ្ធបំផុត របស់កូនកំលោះដែលក៏ស្រវឹងស្រាខ្លាំងដែរ ហើយដោយសារនាងស្មានថា បុរសនោះជាជាប្តី អ្នកទាំងពីរក៏មានទំនាក់ទំនងស្នេហារាត្រីទឹកឃ្មុំនៅយប់នោះរហូតទល់ព្រឹកឡើង ទើបនាងបានដឹងថា បុរសនៅក្បែរដែលនាងបាន «បូជា» ខ្លួនប្រាណឲ្យគ្មានសល់ឲ្យនោះ តាមពិតមិនមែនជាប្ដីរបស់នាងទេ ហើយនាងក៏បានស្រែកខ្លាំងៗផ្អើលពេញបន្ទប់តែម្តង។
ក្រោយពីកូនកំលោះ បានដឹងការពិតរឿងនេះ គាត់បានខឹងយ៉ាងខ្លាំង ហើយមិនព្រមទទួលយក «លេស» របស់មិត្តភ័ក្តិដែលគាត់មិនជឿថា ដោយសារស្រវឹង ហើយចាត់ទុកថាជាអំពើផិតក្បត់។ តែទោះជាយ៉ាងណា ចៅក្រមបានចង្អុលបង្ហាញថា ករណីនេះមិនស្របតាមលក្ខខណ្ឌនៃការរំលោភ ឬមានចេតនា និងសកម្មភាពខុសច្បាប់នោះទេ។
ដោយហេតុផលនេះ ទីបំផុត (អតីត) មិត្តរបស់កូនកំលោះ ត្រូវរួចទោស ខណៈដែលកូនកំលោះស្ថិតក្នុងភាពគ្រាំគ្រាផ្លូវចិត្តយ៉ាងខ្លាំង ព្រោះមិនទទួលបានយុត្តិធម៌…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

