កំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែទឹកប្តូរនិស័យចូលពេញខ្លួន លែងស្គាល់ប្រពន្ធកូននិងមិនខ្លាចគុកច្រវ៉ាក់ ដោយគ្រាន់តែមានទំនាស់តិចតួចក្នុងគ្រួសារ បានយកពូថៅកាប់ប្រហារ ទៅលើប្រពន្ធនិងកូនស្រីរបស់ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់។ អំពើហឹស្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសបានអោយដឹងថា ស្រីរងគ្រោះឈ្មោះកន ឡាយ អាយុ៣៨ឆ្នាំ និង កូនស្រីឈ្មោះឡុន ស្រីម៉ី អាយុ១២ឆ្នាំ ។ រីឯជនបង្ករជាប្តីនិងជាឪពុកឈ្មោះយ៉ុង តាំង អាយុ ៣០ឆ្នាំ។ គ្រួសារនេះមានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ករណីនេះត្រូវបានប៉ូលីសបញ្ជាក់ថា បង្កឡើងដោយសារបុរសជាប្តីស្រវឹងស្រាទាស់សំដីជាមួយប្រពន្ធនិងឈានទៅបង្ករហឹង្សាដាក់គ្នាធ្ងន់ធ្ងរតែម្តង។ ក្រោយពេលបង្ករអំពើហិង្សាទៅលើប្រពន្ធនិងកូន ជនសង្ស័យត្រូវបានប៉ូលីសមូលដ្ឋានចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ដោយ៖ ចៅសន