ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានដាក់ឲ្យអនុវត្តចលនាប្រឡងប្រណាំង
“បដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្ដរជាតិ” ចំនួន៦ ដើម្បីជំរុញអនុវត្តចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្ដរជាតិ” ឲ្យទទួលបានជោគជ័យនិងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
ករណីនេះ ក្រសួងទេសចរណ៍ បានបំពាក់បញ្ឈរ QR Code វាយតម្លៃបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្ដរជាតិខ្នាតធំ និងបញ្ឈរ QR Code វាយតម្លៃសម្រាប់ដាក់លើតុនិងកម្រងសំណួរវាយតម្លៃជា ៥ភាសា រួមមាន៖ (ភាសាខ្មែរ អង់គ្លេស ចិន បារាំង និងជប៉ុន) ដើម្បីដាក់ជូនរប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឲ្យចូលរួមវាយតម្លៃ ពីការផ្ដល់សេវា របស់ច្រកទ្វារអន្ដរជាតិ របស់បេក្ខភាពទាំង៦ ដូចជា៖ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ- ច្រកទ្វារព្រំដែនអន្ដរជាតិបាវិត- ច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម និងច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត) ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ផ្ដល់មតិយោបល់ចូលរួមវាយតម្លៃលើសេវា របស់ច្រកទ្វារដោយសំងាត់ និងសុក្រឹត្យបំផុត។
សាររបស់ក្រសួងទេសចរណ៍បង្ហាញថា “ បដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា”៕ ដែន សីមា